រំជួលចិត្ត! លោក A Supachai អ្នកចាត់ការចាស់ ធានាធ្វើបុណ្យសពឱ្យ Tangmo ដល់ចប់ចុងចប់ដើម
ចាប់ពីថ្ងៃរកឃើញសាកសពតារាសម្តែងស្រី Tangmo នៅថ្ងៃទី ២៦ ខែកុម្ភៈ មកទល់ថ្ងៃទី ២៨ នេះគឺប្រមាណ ៣ ថ្ងៃមកហើយ ប៉ុន្តែរឿងរ៉ាវនៃករណីស្លាប់របស់តារាស្រីរូបនេះ នៅតែពោរពេញដោយភាពអាថ៌កំបាំងនៅឡើយ យ៉ាងណាពេលនេះសមត្ថកិច្ចក៏កំពុងតែដុតដៃដុតជើងស៊ើបឱ្យលម្អិតលើកករណីនេះដែរ។
ខណៈរឿងរ៉ាវកំពុងតែស្ថិតក្នុងភាពអាថ៌កំបាំងកំពុងស៊ើបនោះ សាកសពរបស់តារាស្រី Tangmo កំពុងនៅក្នុងដៃសមត្ថកិច្ច ទុកសម្រាប់តាមដាន និង កោសល្យវិច័យស្វែងរកភស្តុតាងបន្ត ដោយមិនទាន់បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងពិធីបុណ្យសពនៅឡើងទេ។ ទោះជាយ៉ាងនេះ បើតាមម្តាយតារាស្រី Tangmo គឺអ្នកស្រី Panida Siriyudthayothin បានឱ្យដឹងថ្មីៗនេះថា សម្រាប់ពិធីបុណ្យសពរបស់កូនស្រី គឺត្រូវបានលោក A Supachai អ្នកចាត់ចាស់ និង ជាមិត្តស៏សំខាន់របស់ Tangmo បានអះអាងចេញមុខប្រកាសថានឹងរៀបចំពិធីបុណ្យសពជូន Tangmo ដល់ចប់ចុងចប់ដើម និង ការធ្វើពិធីបុណ្យនោះ គឺធ្វើឱ្យល្អបំផុត។
ជាមួយការប្រកាសរបស់លោក A Supachai តាមរយៈម្តាយតារាស្រី Tangmo នេះដែរ គេកត់សម្គាល់ឃើញមានអ្នកសិល្បៈមួយចំនួនទៀត រួមនឹងអ្នកស្គាល់តារាស្រី Tangmo ជាច្រើនក៏នឹងចួលរួមចំណែកក្នុងការជួយពិធីបុណ្យសពនេះដែរ ដើម្បីសម្រាលបន្ទុករបស់ក្រុមគ្រួសារសព ពោលគឺជួយរហូតចប់ចុងចប់ដើម ដោយយល់ឃើញថា តារាស្រីរូបនេះកន្លងមកបានជួបបញ្ហាជីវិតច្រើនរាប់មិនអស់ ហើយក៏មិនសូវមានទ្រព្យច្រើនទៀតដែរ បន្ទាប់ពីឪពុកនាងបានស្លាប់កាលពីពេលកន្លងទៅនោះ។
គួរឱ្យដឹងដែរថា ពិធីបុណ្យសពរបស់តារាស្រី Tangmo គ្រោងនឹងរៀបចំតាមបែបគ្រឹស្តសាសនា នៅថ្ងៃទី ១១-១៣ ខែមីនា ខាងមុខ នៅព្រះវិហារនៃសេចក្តីអំណរ Sukhumvit 36 ហើយនៅថ្ងៃទី ១៤ ខែមីនា សពរបស់តារាស្រី Tangmo នឹងត្រូវធ្វើពិធីបូជានៅកន្លែងបូជាសពតែមួយនឹងឪពុករបស់នាង៕