អស់ពេលជិត ៨ ម៉ោងហើយ ដែលកងកម្លាំងតាមរកតារាស្រី Tangmo នៅតែមិនទាន់ឃើញ
កាលពីរាត្រីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ផ្ទុះកាលភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយតារាសម្តែងល្បីឈ្មោះ Tangmo ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចូលទឹកទន្លេចៅផាយ៉ា ហើយបានបាត់ខ្លួន។
គិតមកដល់ត្រឹមព្រឹកម៉ោង ៨ នេះ កងកម្លាំងបានចំណាយពេលជិត ៨ ម៉ោងហើយដើម្បីតាមស្វែងរកនាង ដោយកងកម្លាំងបានចេញតាមរកដំបូងគឺនៅវេលា ម៉ោង ១២ រំលងអធ្រាត្រ ដោយមានទាំងក្រុមប៉ូលីស និងអ្នកជំនាញខាងជ្រមុជទឹកចេញតាមរក។
បច្ចុប្បន្នគេបានបន្ថែមកងកម្លាំង ៥០ នាក់បន្ថែម ដោយដាក់ពង្រាយការស្វែងរក ក្នុងចន្លោះចម្ងាយពី ២ គីឡូម៉ែត្រ ដល់ ១០ គីឡូម៉ែត្រ ចំណែកកម្ពស់ទឹកទន្លេចៅផាយ៉ា នាពេលនេះគឺមានកម្ពស់ចន្លោះពី ១៧ ទៅ ២០ ម៉ែត្រ។
គួរបញ្ជាក់ឱ្យដឹងដែរថា តារាស្រី Tangmo បានចេញជិះទូកកម្សាន្តជាមួយមិត្តភក្តិនាងចំនួន ៥ នាក់ផ្សេងទៀត ដោយទូកដែលនាងជិះជាប្រភេទ Speed Boat ពណ៌ស ដែលមានអ្នករួមដំណើរសរុបចំនួន ៦ នាក់ទាំងសាមីខ្លួន (ប្រុស ៣ ស្រី ៣)។ តាមរយៈព័ត៌មានបឋម បានឱ្យដឹងថា នាងបានរអិលធ្លាក់ចូលទឹកពេលព្យាយាមឈរថតរូប ស្របពេលដែលទូកក្រវី ហើយបានបាត់ខ្លួនរហូតមកទល់ពេលនេះរកមិនទាន់ឃើញ មិនដឹងស្លាប់ ឬរស់៕