ចាំរឿង «ស្រមោលអសោក» ទេ? នេះជាជីវិតបច្ចុប្បន្នរបស់តួប្រុសស្រីក្នុងរឿង
ក្នុងឆ្នាំ ១៩៩៩ រឿងភាគថៃ «ស្រមោលអសោក» គឺជារឿងផ្ទុះល្បីជាខ្លាំង ព្រោះតែសាច់រឿងបែបមនោសញ្ចេតនា បង្កប់ដោយការច្រណែនឈ្នានីសកាច់កុងគ្នា។
បើទោះបីជារំលងទៅអស់ជាង ២៣ ឆ្នាំហើយក៏ពិតមែន តែសាច់រឿងមួយនេះ ក៏ហាក់នៅដិតជាប់ក្នុងក្រអៅដួងចិត្តប្រិយមិត្តអ្នកទស្សនា។ ជាពិសេសរឿងមួយនេះត្រូវបានផលិតសារឡើងវិញជាច្រើនលើក ច្រើនសារ ហើយពីមួយជំនាន់ទៅមួយជំនាន់គឺទទួលបានការគាំទ្រ មិនធម្មតានោះឡើយ។ ដោយឡែក បើនិយាយពីជីវិតបច្ចុប្បន្នតួប្រុសស្រីក្នុងរឿងនេះវិញ ម្នាក់ៗក៏ប្រែប្រួលគួរឱ្យកត់សម្គាល់ដូចគ្នា។
១. Isariya Saisanan
តួឯកស្រីនាង ពីរ៉ាឆាត់ សម្តែងដោយនាង Isariya បច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំហើយ ដោយនាងគឺជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក សារព័ត៌មាន និង សារគមនាគមន៍។ Isariya ហាក់មិនសូវមមាញឹកជាមួយអាជីពសម្តែងដូចមុនទេ ដោយនាងកំពុងប្រែខ្លួនក្លាយជាអ្នកដឹកនាំរឿងវិញ។
២. Ek Egkarat Sarasook
អ្នកប្រុស មន្ត សម្តែងដោយលោក Ek Egkarat Sarasook សព្វថ្ងៃមានអាយុ ៤៦ ឆ្នាំ។ លោកជាអតីតតារាសម្តែងដែលមានរូបសង្ហា និង មានកេរ្តិ៍ឈ្មោះល្បី តែគួរឱ្យសោកស្តាយលោកបានលាឈប់ពីអាជីពសម្តែងនៅឆ្នាំ ២០០៩ ដោយងាកមកចាប់អាជីពជាអ្នកជំនួញលក់គ្រឿងអលង្ការ និង ត្បូងពេជ្រ ដែលមានយីហោ Augusty វិញ។
៣. Jayme Booher
តួស្រីដែលនិយមតែងខ្លួនឡូយឆាយ កាចឆ្នាសឆ្នើមនាង វីយ៉ាដា សម្តែងដោយ Jayme Booher។ បច្ចុប្បន្ននេះតារាស្រីរូបនេះ មានវ័យ ៣៩ ឆ្នាំ ដោយនាងបានផ្អាកការងារសិល្បៈអស់ជាង ៥ ឆ្នាំហើយ មកផ្តោតលើអាជីពជាអ្នកជំនួញវិញ៕