(វីដេអូ) ត្រៀមចាំទស្សនា! តួឯកស្រី ៣ ដួង បង្ហើបថតរឿងរួមគ្នា ក្រោយអ្នកគាំទ្រត្អូញនឹកខ្លាំងពេក
ចាប់តាំងពីសម្រេចចិត្តចូលរោងការបញ្ចប់ភាពនៅលីវមក តារាសម្ដែងស្រី ៣ ដួង រួមមាន ដាញ់ ម៉ូនីកា បានចាកចេញទៅរស់នៅក្រៅប្រទេសសាងគ្រួសារយ៉ាងមានក្ដីសុខជាមួយស្វាមី និង កូនៗ ចំណែកឯតារាស្រី កែវ ពេជ្រពិសី វិញ ថ្វីដ្បិតតែអ្នកនាង នៅស្រុកខ្មែរក្ដី តែអ្នកនាងហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈកម្រឃើញវត្តមានប្រឡូកនៅក្នុងខ្សែភាពយន្តកាលពីមុនណាស់ លើកឡែកតែតារាសម្ដែង សារាយ សក្កណា ដែលគេឃើញបង្ហាញមុខញឹមញាប់ជាងគេនៅក្នុងវិស័យកុន។
យ៉ាងណាមិញ នៅប៉ុន្មានថ្ងៃមុននេះ អតីតតារាសម្ដែងស្រីដ៏ឆ្នើម អ្នកនាង ដាញ់ ម៉ូនីកា បានដឹកដៃស្វាមី ព្រមទាំងកូនៗ ជិះយន្តហោះពីប្រទេសអូស្រ្តាលីមកលេងកម្ពុជាដែលជាមាតុភូមិកំណើត ខណៈនាងបានចាកចេញពីសិល្បៈទៅរៀបការ និង ចេញទៅរស់នៅក្រៅប្រទេសជាមួយស្វាមីប្រមាណជា ១០ ឆ្នាំមកហើយ។
ក្នុងនោះ គេឃើញតារាសម្ដែង កែវ ពេជ្រពិសី វិញ គ្រាន់តែឮមិត្តសម្លាញ់រួមជំនាន់សិល្បៈ ដាញ់ ម៉ូនីកា មកដល់ស្រុកខ្មែរ នាងថែមទាំងបាននាំស្វាមីទៅចាំទទួលដល់ព្រលានយន្តហោះឯណោះ។ មកដល់ថ្ងៃ ២២ កុម្ភៈ ម្សិលមិញ កែវ ពេជ្រពិសី និង សារាយ សក្កណា ក៏បានណាត់គ្នាស្កាត់ទៅជួប ដាញ់ ម៉ូនីកា ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល ក៏ដូចជារឹតចំណងមិត្តភាពដែលមានឱ្យគ្នារាប់ឆ្នាំកន្លងមកនោះ ឱ្យនៅតែល្អូកល្អិនមិនប្រែ ថែមទាំងបានឡាយវីដេអូបង្ហាញពីក្ដីនឹករឭកដល់អ្នកគាំទ្រទៀតផង។
ក្នុងវីដេអូឡាយរបស់តារាសម្ដែង សារាយ សក្កណា ស្រាប់តែតួឯកស្រីខ្មែរដ៏មានប្រជាប្រិយភាពទាំង ៣ រូបនេះ បានបង្ហើបលាយឡំជាមួយសំណើចផងថា ពួកគេទាំង ៣ នឹងថតរឿងមួយជុំគ្នា ព្រោះថាមកដល់ពេលនេះ នៅតែមានមហាជនជាច្រើនបន្តគាំទ្រ ក៏ដូចជានឹកដល់ការសម្ដែងរបស់ពួកគេ៕