(វីដេអូ) ផ្អើលប្រទេស! Mew ត្រូវហ្វេនៗលើកគ្នាជូនកាដូខួបកំណើត មានដុំមាស ពេជ្រ បាច់ផ្កាលុយ សរុបជាង ៣០ ម៉ឺនដុល្លារ
កាលពីថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២២ នេះ តារាប្រុសរូបសង្ហា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ Mew Suppasit បានរៀបចំធ្វើពិធីឆ្លងខួបកំណើតយ៉ាងធំសម្បើមមួយ ដើម្បីអបអរឆ្លងចូលវ័យ ៣១ ឆ្នាំ។
ក្នុងឱកាសឆ្លងខួបកំណើតឆ្នាំនេះ Mew បានរៀបចំកម្មវិធីខនសឺតរយៈពេល ៤ ម៉ោង «Mew Suppasit Made For Two B.Day Live Concert» ដែលមានការអញ្ជើញចូលរួមសម្តែងពិសេស ពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូបដូចជា Singto, Zom Marie, The Toys, និង Bowkylion ជាដើម។
Concert មួយនេះធ្វើឡើងគឺដើម្បីអបអរសាទរថ្ងៃពិសេសរបស់ខ្លួនឯង និង ដើម្បីបង្កើនភាពស្និទ្ធស្នាល ជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ។
អ្វីដែលរឹតតែពិសេស រហូតធ្វើឱ្យតារាប្រុសវ័យ ៣១ ឆ្នាំ រូបនេះ ញញឹមយ៉ាងស្រស់ស្រាយនោះគឺ មានហ្វេនក្លឹបរបស់លោកជាច្រើននាក់ទាំងក្នុង និង ក្រៅប្រទេស បានធ្វើការផ្ញើកាដូជាច្រើនអនេកជូនដល់លោក ដោយរួមមានទាំងដុំមាសមានតម្លៃជាង ១ លានបាត ពេជ្រមានតម្លៃ ១,២ លានបាត លុយសុទ្ធដែលតម្រៀបជាបាច់ផ្កា និង ជានំខេក ៣១ ជាន់ រួមជាមួយរបស់ប្រ៊េនៗមានតម្លៃជាច្រើនទៀត សរុបទាំងអស់មានតម្លៃជាង ១០ លានបាត (ប្រមាណជាង ៣០ ម៉ឺនដុល្លារ) ដោយនេះមិនរាប់បញ្ចូលគម្រោងលើកបដា Billboard ផ្សេងៗដែលហ្វេនៗរបស់លោកបានធ្វើឱ្យនោះទេ៕
ប្រភព៖ NineEntertain