មិត្តភក្តិ Goal! ពេជ្រ សូលីកា និង តូតា ពកូនរៀងខ្លួន ដឹកដៃគ្នាទៅចាយជីវិតអភិជននៅសមុទ្រ
ដូចមហាជនធ្លាប់ដឹងមកហើយថា នៅក្នុងវិស័យសិល្បៈមានតារាស្រីជាច្រើន មិនត្រឹមតែទទួលបានភាពជោគជ័យលើវិថីនេះប៉ុណ្ណោះទេ តែខ្លះក៏ទទួលបានភាពជោគជ័យលើមុខងារផ្សេងៗទៀតជាច្រើន ដោយខ្លះបានក្លាយទៅជាថៅកែក្តោបមុខជំនួញរកស៊ីជាច្រើន ហើយខ្លះទៀតក៏បានរៀបការនឹងស្វាមីមានមុខមាត់ក្នុងសង្គមជាត្រកូលអភិជនទៀតផង។
បច្ចុប្បន្ននេះ មហាជនអ្នកគាំទ្រជាច្រើនក៏កំពុងតែចាប់អារម្មណ៍ទៅលើសិល្បការិនីវ័យក្មេង ២ រូប ដែលមានដូចជាតារាចម្រៀង ពេជ្រ សូលីកា និង តារាសម្តែង តូតា ដែលមិនត្រឹមតែទទួលបានភាពជោគជ័យឈរជើងលើវិថីសិល្បៈនោះទេ តែអ្នកទាំង ២ មានវាសនាខ្ពស់ បានសាងគ្រួសារយ៉ាងមានសុភមង្គល និង ក្តាប់ជំនួញជាច្រើនក្នុងដៃ។ ជាងនេះទៅទៀត ក្រោយសាងចំណងគ្រួសារហើយសិល្បការិនីជាមិត្តនឹងគ្នា ២ រូប ខាងលើ ក៏ទទួលបានចំណងដៃកូនប្រុសដូចគ្នាថែមទៀតផង។
បើទោះជាមានកូនប្រុសរៀងៗខ្លួនក៏ពិតមែន តែ ពេជ្រ សូលីកា និង តូតា នៅតែបង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតដូចដើមក្នុងនាមជាអ្នកម៉ាក់អភិជន ដូចកាលពីពេលថ្មីៗនេះ តារាស្រីទាំង ២ បានដឹកដៃស្វាមី និង ពកូនរៀងៗខ្លួនធ្វើដំណើរកម្សាន្តរួមគ្នាទៅកាន់ក្រុងព្រះសីហនុ ចាយជីវិតយ៉ាងហាយសូរទៀតផង។
ជាងនេះទៅទៀត ក្រឡេកទៅមើលអ្នកម៉ាក់វ័យក្មេង ពេជ្រ សូលីកា និង តូតា ឯនោះវិញ បើទោះជាមានកូនក្នុងដៃមែន តែម្នាក់ៗក៏តែងខ្លួនយ៉ាងចាស់ដៃបង្ហាញរាងស្អាតនៅលើឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត ដូចកាលនៅលីវយ៉ាងដូច្នោះ៕