ក្ដៅដូចបាយពុះ! Bam Bam ទម្លាយអារម្មណ៍ឈឺចាប់ថា ម៉េចជនជាតិថៃចូលចិត្តមើលងាយគ្នាឯង
នរណាក៏ស្គាល់ដែរ កំពូលតារាប្រុសវ័យក្មេងរូបសង្ហា Bam Bam ដែលជាសមាជិកក្រុមចម្រៀង K-Pop Got 7 ។ តារាប្រុសរូបនេះមានឈ្មោះពេញថា Kunpimook Bhuwakul ជាជាតិថៃ បច្ចុប្បន្នមានអាយុ ២៤ ឆ្នាំ ហើយកំពុងតែទទួលបានការគាំទ្រខ្លាំងទាំងក្នុង និង ក្រៅស្រុក។
មហាជនថៃតែងកោតសរសើរ និង មានមោទកភាពណាស់ចំពោះសមត្ថភាពតារាប្រុសរូបនេះ ដែលអាចឈានចាប់ក្ដីស្រមៃធ្វើជាតារា K-Pop បានល្បីទូទាំងសកល។ ទន្ទឹមនឹងមានអ្នកស្រឡាញ់ពេញចិត្ត ក្នុងនោះគេក៏ឃើញមានមហាជនថៃមួយចំនួនសម្ដែងការមិនពេញចិត្តចំពោះ Bam Bam ដូចគ្នា។
ជារឿយៗ គេតែងឃើញមហាជនថៃ តែងបានលើកយកវត្តមានតារាប្រុសរូបនេះ ទៅប្រៀបធៀបជាមួយតារាដទៃឯទៀត មិនសូវជាដាច់ឡើយ។ ដោយឡែកនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ស្រាប់តែមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងផ្ទុះការជជែកវែកញែកពេញអ៊ីនធឺណេត ព្រោះមូលហេតុនៅសុខៗ ស្រាប់តែឃើញតារាប្រុសរូបនេះចេញមកបង្ហោះសារថា៖ «ហេតុអ្វីបានជាជនជាតិថៃចូលចិត្តមើលងាយមើលថោកជនជាតិគ្នាឯងអ៊ីចឹង។ ជាច្រើនដងហើយ ខ្ញុំនៅតែមិនយល់ ពួកយើងជាជនជាតិថៃដូចគ្នា មានកំណើតលើទឹកដីជាមួយគ្នា គួរតែផ្ដល់កម្លាំងចិត្តឱ្យគ្នា បែរជាព្យាយាមទាញទម្លាក់គ្នាទៅវិញ គួរតែមានមោទកភាព និង ទទួលស្គាល់នូវសមត្ថភាពនៃជនជាតិខ្លួនឯងខ្លះផងបាទ»។
ដោយឡែកបើងាកទៅមើលមហាជនអ្នកគាំទ្រដែលស្រឡាញ់ពេញចិត្តតារាប្រុសរូបនេះម្នាក់ហាក់ឆ្ងល់ និង បារម្ភថាមានរឿងអ្វីកើតឡើងចំពោះ Bam Bam ដល់ថ្នាក់តារាប្រុសរូបនេះចេញមកទម្លាយបែបកំហឹងយ៉ាងនេះ។ ទន្ទឹមនឹងនោះគេក៏ឃើញមានហ្វេនៗជាច្រើនបានចូលទៅខមមិនផ្ដល់កម្លាំងចិត្តដល់ Bam Bam ។ យ៉ាងណាមិញ សម្រាប់រឿងរ៉ាវលម្អិតទៅជាយ៉ាងណាមានតែរង់ចាំតាមដានបន្តដូចគ្នា៕
ប្រភព៖ Sanook