ខ្ញុង លើកដៃសំពះទាំងទឹកភ្នែក ថារាល់ថ្ងៃខំរកមិនចង់ធ្វើអ្នកមានទេ តែរកដោះបំណុលឱ្យអស់
តារាកំប្លែង ខ្ញុង ដែលមានឈ្មោះពិត ស្រេង សុកាន់ដា បានផុងខ្លួននឹងបំណុលរាប់សិបម៉ឺនដុល្លារ ដែលរឿងរ៉ាវនេះបានផ្ទុះឡើងកាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់មហាជន។
យ៉ាងណាមិញ បន្ទាប់ពីផ្ទុះរឿងបំណុលនោះ តារាកំប្លែង ខ្ញុង ក៏បានចាប់ផ្តើមរកស៊ីមុខរបរលក់អនឡាញ ប្រហុក ផ្អក ត្រីប្រឡាក់ ជាដើមនោះ ដើម្បីរកលុយដោះបំណុលផងដែរ ដែលមកដល់ពេលនេះមុខរបររបស់នាងកំពុងកាក់កបខ្លាំងផងដែរ ព្រោះក្នុងមួយថ្ងៃៗមានការបញ្ជាទិញពីមហាជនយ៉ាងច្រើន ដែលធ្វើឱ្យនាងមានភាពសប្បាយរីករាយក្នុងមុខរបរមួយនេះ។
ក្រៅពីមានមុខរបរមួយនេះហើយ តារាកំប្លែង ខ្ញុង ក៏ទើបតែបង្កើតជំនួញថ្មីមួយទៀត បាននាំចូលផលិតផលថ្មីជាប្រេនឈ្មោះផ្ទាល់ខ្លួនមកកាន់ទីផ្សារអនឡាញកម្ពុជា ដែលនោះគឺជាប្រភេទទឹកអនាម័យសម្រាប់សុភាពនារី ហើយនាងក៏ទើបប្រកាសលក់ជាផ្លូវការផងដែរ។
ស្របពេលដែលមុខរបររកស៊ី និង ជំនួញថ្មីបានរះឡើង តារាកំប្លែង ខ្ញុង ក៏ស្រាប់តែរំឭករឿងមួយទាំងអួលដើម-ក ពាក់ព័ន្ធនឹងបំណុលដែលខ្លួនបានជំពាក់វាក់វិននោះ ដោយនាងបានលើកឡើងលើទំព័រហ្វេសប៊ុកខ្លួនថា ៖ «ខ្ញុំមិនរកដើម្បីចង់មានអត់ចង់បានទេ សុំត្រឹមតែរកសងគេឱ្យអស់ប៉ុណ្ណោះ ម្ចាស់បំណុលព្រមយកតាមការសងគេបាទ ខ្ញុំក៏នៅតែរកសងមិនបានគេចវេះរត់គេចខ្លួនទៅណាឡើយ តែបើឱ្យសងទាំងដុំទាំងដុំ ខ្ញុំរកអត់ទាន់ទេ ខ្ញុំមានលទ្ធភាពសងត្រឹមតែបន្តិចបន្តួចក្នុងមួយខែ សូមមេត្តាយោគយល់ និង អធ្យាស្រ័យ»៕