Kem និង Mookda ព្រមចេញមុខបកស្រាយហើយ រឿងមហាជនផ្គូរផ្គងឱ្យក្លាយជាសង្សារ
រាល់អ្នកទស្សនារឿងភាគតាមរយៈស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃច្បាស់ជាបានស្គាល់ជាក់ជាមិនខានដៃគូសម្ដែងដ៏សក្ដិសម គឺតារាសម្ដែងប្រុសរូបសង្ហា Kem Hussawee និង តារាសម្ដែងស្រីស្រស់ Mookda Narinrak ដែលជាដៃគូសម្ដែងគ្រាប់ពេជ្រប្រចាំស្ថានីយតែម្ដងនាពេលបច្ចុប្បន្ន។
ចាប់តាំងតែបានចាប់ដៃគ្នាសម្ដែងរួមមក គេសង្កេតឃើញថាមហាជនហាក់មានការពេញចិត្តចំពោះគូនេះខ្លាំង ដែលនាំឱ្យតារាប្រុសស្រីវ័យក្មេងមួយនេះផ្ទុះប្រជាប្រិយភាពជាលំដាប់។ បន្ទាប់ពីបានសម្ដែងរួមគ្នាមកជាច្រើនរឿងមក មហាជនតែងសង្កេតឃើញភាពសកម្មភាពជិតស្និទ្ធរបស់ពួកគេរហូតធ្វើឱ្យអ្នកគាំទ្រផ្គូរផ្គងតារាស្រីប្រុសគូនេះឱ្យក្លាយជាសង្សារក្រៅឆាកជារឿយៗតែ Kem និង Mookda ហាក់ពុំទាន់ប្រតិកម្មអ្វីឡើយ។
ដោយឡែកកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ក្នុងបទសម្ភាសសារព័ត៌មានតារាស្រីប្រុសគូនេះបានទម្លាយច្បាស់ៗពីសម្ពន្ធភាពរបស់ពួកគេថា តាមរយៈសកម្មភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរតែងត្រូវបានហ្វេនៗ ចាប់ផ្គូរផ្គងមករហូត ក៏ប៉ុន្តែសម្ព័ន្ធភាពពួកគេនៅសព្វថ្ងៃនេះគឺ «ត្រឹមមិត្តល្អ បងប្អូនរួមការងារគ្នាប៉ុណ្ណោះពុំមានអ្វីលើសពីនេះឡើយ»។
មហាជនតែងតែចង់ឱ្យស្រឡាញ់គ្នាពិត តែពួកគេសុំត្រឹមនៅបែបនេះល្អជាង ព្រោះរាល់ថ្ងៃពួកគេពិតជាសប្បាយចិត្តដែលបានរួមការងារជាមួយគ្នា ជាពិសេសគឺពួកគេយល់ចិត្តគ្នា ស្គាល់អត្តចរិតគ្នាទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសនោះ តារាប្រុសស្រីទាំងពីរនេះក៏បានអរគុណចំពោះអ្នកគាំទ្ររបស់ខ្លួនផងដែរ ដែលតែងផ្តល់កម្លាំងចិត្ត និង គាំទ្រពួកគេមករហូត ហើយពួកគេពិតជារីករាយខ្លាំងណាស់ដែលមានហ្វេនៗស្រឡាញ់ដល់ដៃគូសម្ដែងពួកគេ៕