ខួបអាពាហ៍ពិពាហ៍ ២៤ ឆ្នាំ លោក ហ្វៃ សំអាង ពោលពាក្យយ៉ាងផ្អែមល្ហែមទៅកាន់ឧត្តមភរិយា
បើនិយាយពី អ្នកនិពន្ធ និង ជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះនៅកម្ពុជា លោក ហ្វៃ សំអាង ដែលលោក មិនត្រឹមទទួលបានការគោរពសរសើរខ្លាំងពីមហាជន ក៏ដូចអ្នកសិល្បៈជាច្រើន ជាមួយនឹងសមត្ថភាព និង ស្នាដៃក្នុងការផលិតខ្សែភាពយន្តខ្មែរជាច្រើននោះទេ។ រីឯចំពោះជីវិតឯកជនរបស់លោក ក៏តែងត្រូវបានគេចាប់អារម្មណ៍សរសើរ និងច្រណែនពីជីវិតគ្រួសាររបស់លោក រស់នៅយ៉ាងក្ដីសុខសុភមង្គល ជាពិសេសតែងបង្ហាញក្ដីស្រឡាញ់ផ្អែមល្ហែមទៅកាន់ភរិយាលើបណ្ដាញសង្គមនោះ។
ជាក់ស្ដែង ថ្មីៗនេះ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២៤ ឆ្នាំ របស់ អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះរូបនេះ និង ភរិយា គេក៏បានឃើញ លោកបានបង្ហោះសារធ្វើការអបអរ និងពោលពាក្យយ៉ាងផ្អែមទៅកាន់ឧត្តមភរិយាជាទីស្រឡាញ់ បង្ហាញការសរសើរ អរគុណ និង ក្ដីស្រឡាញ់ទៅកាន់អ្នកស្រី។
សារនោះ លោក ហ្វៃ សំអាង បានសរសេរថា ៖«រីករាយខួបអាពាហ៍ពិពាហ៍ គម្រប់ ២៤ ឆ្នាំ បងសូមជូនពរអូនមានសុខភាពល្អ មានជោគ មានជ័យ និង នៅតែជាឧត្តមភរិយា ជាអ្នកម្តាយដ៏ល្អ របស់កូន និង ស្វាមី ជាបង ជាប្អូន និង ជាកូនដែលមានកត្តញ្ញូ ចំពោះគ្រួសារជានិច្ច (Love you honey)»។
ទន្ទឹមនឹងនោះដែរ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន ក៏បានធ្វើការចូលខមមិនអបអរថ្ងៃខួបអាពាហ៍ពិពាហ៍ និង ជូនពរឱ្យ លោក ព្រមទាំង ភរិយា កាន់តែទទួលបានសុភមង្គលក្នុងគ្រួសារទៀតផងដែរ៕