ធ្លាប់មើលរឿង «ខ្សាច់ពណ៌ភ្លើង» ឬទេ? នេះជាខ្សែជីវិតបច្ចុប្បន្នតួល្បីៗក្នុងរឿង ក្រោយបញ្ចាំងចប់ជាង ២ ទសវត្សរ៍
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើន មុខជាធ្លាប់បានឮ និង ធ្លាប់បានទស្សនារឿង «ខ្សាច់ពណ៌ភ្លើង» ដែលជារឿងចំណងស្នេហាចាក់ស្រែះ ជាមួយសាច់រឿងប្លែកគួរឱ្យចាប់អារម្មណ៍។
«ខ្សាច់ពណ៌ភ្លើង» ច្បាប់ដើមគឺផលិតនៅឆ្នាំ ១៩៩៦ ហើយបានថតឡើងវិញនៅឆ្នាំ ២០១៤ ដែលមានការចូលរួមសម្តែងដោយកំពូលតារាល្បីៗដូចជា Poh Nattawut, Chompoo Ariya និង Mew Nittha ជាដើម។
យ៉ាងណាមិញ បើក្រឡេកទៅមើលខ្សែជីវិតរបស់តួអង្គជំនាន់ដំបូង បច្ចុប្បន្នម្នាក់ៗដើរដល់ចំណុចនេះ ៖
១. Mew Lalita
តួឯកស្រីនាង សាយ សម្តែងដោយតារាស្រី Mew Lalita ដែលជាតារាឆ្នើមជើងចាស់ មានទេពកោសល្យយ៉ាងប៉ិនប្រសប់វ។ សព្វថ្ងៃរូបនាងមានវ័យ ៥០ ឆ្នាំ នឹងនៅតែបន្តអាជីពជាតារាសម្តែង និង ពិធីការិនី។ តារាស្រី Mew បានរៀបការជាមួយមន្ត្រីប៉ូលិសលោក Narabadi នៅឆ្នាំ ២០០១ ហើយមានកូនប្រុសចំនួន ២ នាក់។ នៅឆ្នាំ ២០១៦ អ្នកស្រីនឹងស្វាមីបានបញ្ចប់ជីវិតគូ ដោយលែងលះជាមួយស្វាមី ក្រោយរៀបការបាន ១៥ ឆ្នាំ។
២. Dodo Yutphichai
បុរសសង្ហានាយ បុរី ឬ ប៊ី សម្តែងដោយលោក Dodo បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំ។ លោកគឺជាតារាចម្រៀង តារាសម្តែង និង ជាអតីតអត្តពលិកតៃក្វាន់ដូឆ្នើមប្រចាំប្រទេសថៃ។ លោក Dodo បានរៀបការជាមួយអតីតបវរកញ្ញាថៃ ហើយមានកូនប្រុសម្នាក់ និង ស្រី ២ នាក់។ ក្រោយមកអ្នកទាំង ២ ក៏បានលែងលះគ្នា ហើយលោកបានចាប់ផ្តើមជីវិតថ្មីជាមួយភរិយាក្រោយឈ្មោះថា Namwan ដោយមានកូនប្រុសម្នាក់។
៣. Willy McIntosh
នាយ ឆាឡស៍ សម្តែងដោយលោក Willy តារាសម្តែងកូនកាត់ថៃ-ស្កុតឡេន និង ចិន។ បច្ចុប្បន្នលោកមានវ័យ ៥១ ឆ្នាំហើយ។ លោកនៅតែមានប្រជាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈថៃ ជាពិសេសក្នុងអាជីពជាពិធីករ ដោយបានកាន់កាប់កម្មវិធីជាច្រើន។ លោកបានរៀបការជាមួយតារាសម្តែងស្រីកូនកាត់ថៃ-បារាំងអ្នកនាង Geraldine ហើយមានកូនប្រុសម្នាក់។
៤. Noon Daran
តួនាង លូកសន សម្តែងដោយ Noon Daran បច្ចុប្បន្នមានអាយុ ៤២ ឆ្នាំ។ Noon គឺជាអតីតតារាសម្តែងស្រីមានសម្រស់ស្រស់ស្អាត មានទេពកោសល្យ ហើយត្រូវបានគេស្គាល់ថាជាបងស្រីរបស់តារាសម្តែងល្បីឈ្មោះ Ploy Cherman។ គួរឱ្យសោកស្តាយនាងបានលាឈប់ពីអាជីពសម្តែងតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ៕