បើកបង្ហាញមុខជំនួញរបស់ស្វាមី Sririta កំពុងក្តោបក្នុងដៃ ដឹងហើយទន់ជង្គង់ស្រ៊ឹប
ជឿជាក់ថាប្រិយមិត្តមួយចំនួនមុខជាបានធ្លាប់បានស្គាល់លោក Korn Narongdej ដែលត្រូវជាអ្នកជំនួញ និងជាស្វាមីតារាស្រីកូនកាត់ថៃ-ដាណឺម៉ាក Sririta Jensen។ អ្នកទាំង ២ បានដឹកដៃគ្នាចូលរោងការនៅឆ្នាំ ២០២០ ដោយមានចំណងដៃជីវិតគឺកូនប្រុសម្នាក់ ឈ្មោះ Asawin Jensen Narongdej ហៅក្រៅថា Gavin។
ក្រោយរៀបការគេ តែងឃើញគូស្វាមីភរិយាមួយគូនេះ ប្រើជីវិតឡូយឆាយបែបអភិជនខ្លាំង ទាំងរបស់ប្រើប្រាស់ សម្ភារៈផ្សេងៗគឺសុទ្ធតែមានតម្លៃថ្លៃ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបើកបង្ហាញប្រវត្តិ និងមុខជំនួញនាយ Korn ដែលជាស្វាមី Sriita ឱ្យប្រិយមិត្តបានស្គាល់កាន់តែច្បាស់។
Korn Narongdej បច្ចុប្បន្នមានអាយុ ៤៤ គឺជាកូនប្រុសរបស់ត្រកូល Narongdej ដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីប្រទេស ស្វីស ហើយបន្ត និងបញ្ចប់ការសិក្សាផ្នែកជំនួញនៅ ចក្រភពអង់គ្លេស។ លោកគឺជាអ្នកស្នងមរតករបស់គ្រួសារ ហើយបន្តកាន់កាប់អាជីវកម្ម KPN Group ដែលមានឈ្មោះពេញថា Kasem and Khunying Phornthip Narongdej ដោយមានប្រមាណជាង ៤០ ក្រុមហ៊ុនស្ថិតនៅក្រោមដំបូលតែមួយ។
Korn គឺជាម្ចាស់ភាគហ៊ុនធំ និងជាអ្នកមើលការខុសត្រូវបន្តវេនពីឪពុក ដោយលោកមិនមែនជាមនុស្សក្មេងខ្ចី ក្នុងផ្នែកនេះឡើយ ព្រោះតែលោកបានរៀនសូត្រ និងដើរតាមឪពុកតាំងតែពីក្មេង។
រាប់ត្រួសៗអាជីវកម្មធំៗដែលស្ថិតក្រោមការគ្រប់គ្រងរបស់ KPN Group មានដូចជា អាជីវកម្មទិញ-លក់ អចលនទ្រព្យ (KPN Group Corporation Limited, KPN Land Limited, KPN Estate Limited និង KPN Holding Limited) ឃ្លាំងទំនិញ និងភាពសហការជាដៃគូ (WHA KPN Alliance Limited និង Kornthip Limited) ជាដើម។
ក្រៅពីអាជីវកម្មផ្នែកអចលនទ្រព្យ ក៏មានអាជីវកម្មផ្នែកកម្សាន្ត ផលិតកម្មវិធីទូរទស្សន៍ កីឡា ផ្សាយពាណិជ្ជកម្ម (KPN Awards Limited, Top View Business Limited, Two B Able Company និង Siam Chiang Mai) សាលាតន្ត្រី ភោជនីយដ្ឋាន និងហាងលក់នាឡិកានាំចូលពីប្រទេសស្វីសជាដើម។ បន្ថែមពីអាជីវកម្មគ្រួសារ Korn ក៏មានអាជីវកម្មផ្ទាល់ខ្លួនផ្នែកអចលនទ្រព្យដូចគ្នាដែលមានឈ្មោះ Raimon Land និង Rosewood Residences Kamala នៅខេត្តភូកេតផងដែរ៕