(វីដេអូ) Son Ye Jin បង្ហាញខ្លួនជាលើកដំបូង ក្រោយប្រកាសរៀបការនឹង Hyun Bin
កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ គូស្នេហ៍តារាសម្ដែងល្បីរបស់កូរ៉េខាងត្បូង Hyun Bin និង Son Ye Jin បានបង្ហោះអំពីដំណឹងរៀបការរបស់អ្នកទាំងពីរ នៅលើបណ្តាញសង្គម Instagram ហើយដំណឹងនេះបានផ្ទុះកក្រើកក្នុងពិភពភាពយន្ត K-drama យ៉ាងខ្លាំង បន្ទាប់ពីតារាទាំងពីរបើកចំហពីទំនាក់ទំនងស្នេហារយៈពេល ២ឆ្នាំ។
ប្តូរពីដៃគូសម្ដែងក្នុងរឿងភាគកូរ៉េដ៏ល្បី «Crash Landing on You» ប្រែមកក្លាយជាគូស្នេហ៍ គ្រោងនឹងចាប់ដៃគ្នាសាងអនាគត Son Ye Jin និង Hyun Bin ពិតជាធ្វើឱ្យមហាជនជាអ្នកគាំទ្រមានក្តីរំភើបចិត្តជាពន់ពេក អំពីការសម្រេចច្បាស់លាស់ដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។
រហូតមកដល់ពេលនេះ តារាសម្ដែងស្រី Son Ye Jin បានបង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីនាងបានប្រកាសថា នាងនឹងរៀបការសាងគ្រួសារជាមួយនឹងគូស្នេហ៍បច្ចុប្បន្ន Hyun Bin របស់នាង ត្រៀមក្លាយជាកូនក្រមុំដ៏មានសម្រស់ស្រស់ស្អាតក្នុងវ័យ ៤០ឆ្នាំ។
ជាក់ស្ដែង Son Ye Jin បានបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបផ្សព្វផ្សាយក្នុងខ្សែភាពយន្តថ្មី «Thirty Nine» របស់នាង ដោយសម្ដែងរួមគ្នាជាមួយតារាសម្ដែងស្រី Jeon Mi Do និង Kim Ji Hyun។
ក្នុងវីដេអូនេះ គឺផ្តោតសំខាន់លើ តារាស្រីរូបនេះ ព្រោះមើលទៅ Ye Jin ពិតជាស្រស់ស្អាត និង ស័ក្តិសមជាតារាស្រីកំពូលសម្រស់ក្នុងឧស្សាហកម្មភាពយន្តកូរ៉េដូចគេនិយាយមែន។ ក៏ដោយសារតែមានភាពស្រទន់មន្តស្នេហ៍របស់នាង បានធ្វើឱ្យអ្នកគាំទ្រឈ្លក់វង្វេងអស់ទៅហើយ និង ទាយមិនដឹងថាអាយុពិតរបស់កូនក្រមុំរូបស្រស់នេះនោះទេ៕
View this post on Instagram