លីវ ជីលី បង្ហើបក្ដីស្រមៃចង់ធ្វើរឿងនេះ ខណៈបានថតរូបជាមួយ ចំរើន សុភ័ក្ត្រ
ប្រិយមិត្តប្រាកដជាបានស្គាល់កញ្ញា លីវ ជីលី ជាម្ចាស់តំណែងគ្រងមកុដ Miss Grand Cambodia 2020 ដែលកន្លងមកកញ្ញាធ្លាប់ទម្លាយថា មានក្ដីស្រមៃមួយនេះតាំងពីក្មេងមកម្ល៉េះ។
ដោយឡែកក្រៅពីសម្រេចក្ដីស្រមៃក្លាយជាបវរកញ្ញាមានមហាជនទទួលស្គាល់ភ្លូកទឹកភ្លូកដី ថែមទាំងបានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិទៀត ថ្មីៗនេះ លីវ ជីលី ស្រាប់តែទម្លាយពីក្ដីស្រមៃថ្មីមួយទៀតដែលមិនឆ្ងាយពីសិល្បៈឡើយ ពោលគឺតារាស្រីរូបនេះចង់ក្លាយជាតារាចម្រៀងមួយរូប។
ការង្ហើបក្ដីស្រមៃរបស់កញ្ញា លីវ ជីលី គឺធ្វើឡើងបន្ទាប់ពីតារាចម្រៀង ចំរើន សុភ័ក្ត្រ ដែលជារៀមច្បងក្នុងសិល្បៈបានបង្ហោះរូបជាមួយនាង ហើយដាក់ Caption ថា ៖ «ហ៊ានណាស់ថតរូបសុទ្ធតែជាមួយបវរកញ្ញាទៀត @chily_tevy តែអត់ហ៊ានឈរថតជិតប្អូនទេ ព្រោះខ្លាចទទួលយកខ្លួនឯងមិនបាន»។
ក្នុងនោះ លីវ ជីលី បានចែករំលែករូបថតនោះ ហើយបង្ហើបពីក្ដីស្រមៃរបស់ខ្លួនថា ៖ «ចង់ក្លាយជាតារាចម្រៀងដូចបងស្រី»៕