រៀបការយូរឆ្នាំ តែតារាប្រុសស្រីទាំងនេះ នៅមិនទាន់ធុំក្លិនមានទាយាទស្នងត្រកូលនឹងគេ
មហាជននិយមតាមដានខ្សែជីវិតរបស់តារាប្រុសស្រីនៅក្នុងវិស័យសិល្បៈប្រាកដជាបានជ្រាបហើយថា ពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញមានតារាប្រុសស្រីជាច្រើនបានបញ្ចប់ភាពនៅលីវរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ដោយខ្លះបានជ្រើសរើសយកគូជីវិតជាអ្នកសិល្បៈដូចគ្នា ហើយខ្លះទៀតក៏ជាអ្នកក្រៅសិល្បៈក៏មាន។ ទន្ទឹមគ្នានោះ តារាខ្លះក៏មានទាយាទស្នងត្រកូល ប៉ុន្តែខ្លះនៅមិនទាន់ធុំក្លិនកូននៅឡើយ។
ជាក់ស្តែង ដូចជាតារាប្រុសស្រីខាងក្រោមនេះអ៊ីចឹង រៀបការអស់រយៈពេលច្រើនឆ្នាំហើយ ប៉ុន្តែម្នាក់ៗហាក់មិនទាន់បង្ហើបដំរួយរឿងមានកូននឹងគេសោះ!
១. អ្នកនាង សុគន្ធ និសា
គិតមកដល់ពេលនេះ រយៈពេលជាង ៤ ឆ្នាំហើយ ដែលតារាចម្រៀង សុគន្ធ និសា បានរៀបការមានស្វាមីតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០១៧។ បើទោះកន្លងមក ធ្លាប់បង្ហើបដំរួយចង់បានទាយាទស្នងត្រកូល តែអ្នកនាង និង ស្វាមី ក៏មិនទាន់មានដំណឹងល្អនៅឡើយនោះទេ។
២. អ្នកនាង ខៀវ សានសាណា
បើទោះជាចំណងអាពហ៍ពិពាហ៍ទី ១ ទទួលបានចំណងដៃកូន ២ រូបហើយក្តី តែចំណងអាពាហ៍ពិពាហ៍នឹងស្វាមី ដែលរៀបការតាំងពីខែតុលា ឆ្នាំ ២០១៦ មកនោះ អ្នកនាង ខៀវ សានសាណា ក៏មិនដែលបង្ហើបដំរួយចង់បានកូនទៀតដែរ។ កន្លងមកពិធីការិនីរូបនេះ បានឱ្យដឹងថា អ្នកនាងមិនហ៊ានយកកូនទៀតនោះទេ ព្រោះកាលចំណងអាពាហ៍ពិពាហ៍មុន នាង និង អតីតស្វាមីមានកូន ២ នាក់ ដោយកូនស្រីពៅនាងជាអ្នកបីបាច់ថែរក្សា ចំណែកកូនប្រុសច្បងទុកឱ្យអតីតស្វាមីជាអ្នកមើលថែ។
៣. លោក សៅ ឧត្តម
បើគិតចាប់តាំងពីថ្ងៃរៀបការកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ គឺរយៈពេលជិត ៣ ឆ្នាំហើយ ដែលលោក សៅ ឧត្តម បានរៀបការនឹងភរិយាជាអ្នកសិល្បៈដូចគ្នា។ មកទល់ពេលនេះ លោក សៅ ឧត្តម និង ភរិយា ក៏មិនទាន់មានទាយាទស្នងត្រកូលនោះឡើយ ដោយលោកធ្លាប់បង្ហើបប្រាប់សារព័ត៌មានថាគ្រូហុងស៊ុយបានប្រាប់លោក និង ភរិយាយកកូនឆ្នាំនេះមិនល្អឡើយ ត្រូវរង់ចាំប៉ុន្មានឆ្នាំទៀត ដូច្នេះហើយទើបលោកត្រូវរង់ចាំពេលវេលាស័ក្តិសមមកដល់។
៤. អ្នកនាង ប៉ែន ស្រីពេជ្រ
ពិធិការិនី ប៉ែន ស្រីពេជ្រ បានរៀបការកាលពីអំឡុងខែមករា ឆ្នាំ ២០១៨ បើគិតមកដល់ពេលនេះរយៈពេល ៤ ឆ្នាំហើយ។ យ៉ាងណា អ្នកនាងហាក់មិនទាន់មានដំណឹងល្អពីរឿងកូនចៅនោះឡើយ ពោលគឺពិធីការិនី ប៉ែន ស្រីពេជ្រ កំពុងតែសម្រុកលើកអាជីពសិល្បៈ និង ក្រៅសិល្បៈរបស់ខ្លួនទៅវិញ។
៥. អ្នកនាង ឌី លីកា
Miss Grand Cambodia 2018 អ្នកនាង ឌី លីកា ក៏ហាក់មិនទាន់បានបង្ហើបពីដំណឹងយកកូនដូចគ្នាដែរ បើគិតមកដល់ពេលនេះ អ្នកនាង និង ស្វាមី បានរៀបការអស់រយៈពេល ១ ឆ្នាំមកហើយ បើគិតចាប់តាំងពីថ្ងៃចូលរោងជ័យកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២១ កន្លងមក៕