គង់ សុជាតិ ធីបចោលរឿងអតីតកាល ងាកមកប្រើជីវិតបែបនេះជាមួយស្វាមី
គូស្នេហ៍អ្នកសិល្បៈដ៏ល្បីល្បាញរវាងពិធីការិនីជើងចាស់អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល កន្លងមកតែងតែត្រូវបានមហាជនលើកសរសើរពីចំណងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ ថ្វីដ្បិតតែ គង់ សុជាតិ ធ្លាប់រៀបការ និង មានកូនប្រុសស្រីដល់ទៅ ២ នាក់ ថែមទាំងមានវ័យច្រើនជាងខ្លួនទៀត តែ ជា វិបុល នៅតែស្មោះស្ម័គ្រតស៊ូរហូតបានរៀបការក្លាយជាគ្រួសារមួយរស់នៅប្រកបដោយសុភមង្គល។
យ៉ាងណាមិញគេថាចានក្នុងរាវគង់ប៉ះទង្គិច តួយ៉ាងដូចគូស្វាមីភរិយាអ្នកសិល្បៈដ៏ល្បីល្បាញខាងលើ ទោះបីស្រឡាញ់ល្អូកល្អិននឹងគ្នាយ៉ាងណា តែគេចាំបានថាកាលពីអំឡុងឆ្នាំ ២០២០ កន្លងមក ប្ដីប្រពន្ធមួយគូនេះធ្លាប់ផ្ទុះរឿងរ៉ាវរកាំរកូសនឹងគ្នាម្ដង ដោយកាលនោះអ្នកនាង គង់ សុជាតិ បានបង្ហោះសារឌឺដងផ្លែផ្កានៅលើបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលមិនស្ទើរឡើយ។
ក្រោយមករឿងរ៉ាវហាក់ស្ងប់ស្ងាត់ទៅវិញ ហើយ គង់ សុជាតិ និង ស្វាមីក៏ចាប់ផ្ដើមងាកមកផ្អែមល្ហែមនឹងគ្នាលើសមុនទៅទៀត ដោយពួកគេបានធ្វើដំណើរកម្សាន្តជាមួយគ្នាញឹកញាប់ ថតរូបស្វីតៗបង្ហោះនៅលើបណ្ដាញសង្គមអួតពីក្ដីសុខក្នុងគ្រួសារជាថ្មី។
ស្រាប់តែមកដល់ដើមឆ្នាំ ២០២២ នេះ គង់ សុជាតិ បានបង្ហោះសារថ្មី ដល់ពេលបំភ្លេចអតីតកាល ហើយរស់នៅជាមួយបច្ចុប្បន្នឱ្យល្អបំផុត។ គង់ សុជាតិ រៀបរាប់ថា ៖ «ល្មមហើយ វាសមគួរដែលអ្នកឈប់គិត និង រំឭកដល់អតីតកាលដែលកន្លងហួស ឈប់សម្លឹងរបស់ដែលនៅឆ្ងាយហួសដៃ ហើយចាប់ផ្តើមរស់នៅជីវិតបច្ចុប្បន្នឱ្យបានប្រសើរ ហើយរៀនទទួលស្គាល់ការពិតនូវអ្វីដែលខ្លួនកំពុងតែមាននៅពេលនេះ»៕