មិនស្មានថាតារាស្រី Aom និង Mike ធ្លាប់ខឹងគ្នាមើលមុខមិនចំជាង ៧ ឆ្នាំ ពេលកំពុងថតរឿង «Full House» Version ថៃ
កាលពីអំឡុងឆ្នាំ ២០១៣-២០១៤ រឿង «Full House version ថៃ» ដែលថតឡើងវិញពីរឿងកូរ៉េ គឺទទួលបានការគាំទ្រមិនធម្មតានោះឡើយ ព្រោះតែសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះ Mike Pirat និង Aom Sushar។
ក្រោយរឿងនេះបញ្ចប់ស្រាប់តែលេចដំណឹងថា តួប្រុសស្រីទាំង ២ គឺមានទំនាស់ជាមួយគ្នា រហូតមើលមុខគ្នាលែងចំ និង លែងរួមការងារជាមួយគ្នា។ ជុំវិញបញ្ហានេះ ទាំង Mike និង Aom គឺមិនមានការបកស្រាយនោះឡើយ ដោយរក្សាភាពស្ងប់ស្ងាត់រាងខ្លួន។
យ៉ាងណាមិញ កន្លងទៅជិត ១០ ឆ្នាំហើយ ស្រាប់តែថ្មីៗនេះ Aom ដាច់ចិត្តបកស្រាយវាជាលើកដំបូងដោយរៀបរាប់ថា ៖ «គឺចាំបានថា ពេលថតរឿង Full House ជាមួយគ្នា ពេលហ្នុងគឺដល់ពេលឆាកចុងក្រោយដែលត្រូវសម្តែង តម្រូវឱ្យមានឈុតថើបដើម្បីឱ្យកម្លាំងចិត្តតួប្រុស ហើយ Mike លេងសើចច្រើនបែបសមជាច្រើនសា ពេលនោះ Aom មានអារម្មណ៍រាងធុញ ហើយក៏ខឹងតិចៗក៏និយាយទៅ Mike ថា «ល្មមឈប់លេងសើចហើយ» ហើយក្រោយមក Mike ក៏ខឹងបែបថានិយាយបែបនេះដាក់ Mike បានយ៉ាងម៉េច? អ៊ីចឹងក៏ខឹងគ្នា រហូតមើលមុខគ្នាលែងចំ»។
«ក្រោយមកពេលថតចប់ គឺមាន Event រួមគ្នា អ៊ីចឹង Mike និង Aom នៅក្រោយឆាកគឺអង្គុយឆ្ងាយគ្នា Aom នៅតែងមុខជ្រុងមួយ ហើយ Mike នៅអង្គុយតែងមុខមួយផ្នែកផ្សេងទៅ តែនៅលើឆាកយើងក៏មើលទៅដូចមិនមានរឿងអ្វី។ តាមពិតទៅ Aom ក៏ចង់បកស្រាយប្រាប់ Mike ថា កុំប្រកាន់ ព្រោះពេលនោះអារម្មណ៍វារាងហត់ អ៊ីចឹងខឹងនិយាយទៅរាងធ្ងន់បន្តិច តែបកស្រាយមិនទាន់ត្រូវខឹងគ្នាបាត់ហើយ។ មានពេលមួយទៀតក៏មានឆាកឈ្លោះគ្នារវាងតួប្រុសស្រី ដែលតម្រូវឱ្យបោកតុកៅអី ហើយ Aom ក៏បានលើកកៅអីបោកប្រាវមួយទំហឹង ព្រោះខឹងមែនទែន អានេះខ្ញុំសារភាពថាខ្ញុំមិនមែនជាមនុស្សល្អប៉ុន្មានដូចគ្នា ដែលវាធ្វើឱ្យរឿងនេះកាន់តែធំ ដោះស្រាយលែងបាន»។
«មិនចប់ត្រឹមហ្នឹងទេ ពេលថតរូបជាមួយគ្នាគឺតម្រូវឱ្យឈរជិត តែទាំង ២ នាក់ឈររាងឃ្លាតគ្នា ហើយម្នាក់ៗមុខមិនសូវរីកទេ ព្រោះខឹងរៀងខ្លួន ហើយក៏ធ្លាប់ប្រកែកបែបថាមិនព្រមថតត តែក្រោយមកពេលរឿងនេះចាក់បញ្ចាំង ហើយផ្ទុះការគាំទ្រខ្លាំង គឺល្បីរហូតមកត្រូវជួបរួមការងារជាថ្មី ទើបក្រុមការងារជួយសម្រុះសម្រួល ហើយក៏ព្រមបើកចិត្តនិយាយជាមួយគ្នា ដោះស្រាយក៏បញ្ចប់បញ្ហាដោយស្ងាត់ៗ។ ពេលពួកយើងជួបគ្នា និយាយគ្នាពីរឿងនេះអារឿងខឹងគ្នានោះ វាក៏ក្លាយជារឿងបែបកំប្លែងសើច ក្រោយពេលត្រូវគ្នាវិញ»៕
ប្រភព៖ Thairath