អីយ៉ាស់! Vincent Wong និង Nancy Wu ធ្លាប់មកកម្ពុជា រាំវង់ជាមួយនឹងហ្វេនៗទៀត
តារាសម្ដែងហុងកុងប្រចាំប៉ុស្តិ៍ TVB គឺ លោក Vincent Wong និង Nancy Wu បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររបស់អ្នកទាំងពីរ សប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលតារាទាំងពីរបានមកកាន់ប្រទេសកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ដាក់សម្ពាធខ្សែភាពយន្តក្នុងប៉ុស្តិ៍ទូរទស្សន៍ល្បីមួយ។
តាមពិតទៅ បើតាមការបង្ហាញឱ្យឃើញពីសកម្មភាពជួបជាមួយនឹងក្រុមអ្នកគាំទ្ររបស់តារាហុងកុងទាំងពីររូបនេះ នៅក្នុងវីដេអូមកកាន់ប្រទេសកម្ពុជា គឺតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ ដោយកាលនោះ Vincent Wong និង Nancy Wu បានមកក្នុងនាមជាតារាកិត្តិយសពិសេស និងជួបផ្ទាល់ជាមួយនឹងអ្នកគាំទ្រ ហើយថែមទាំងបង្កភ្ញាក់ផ្អើលដល់គ្រប់គ្នាជាអ្នកគាំទ្រជាខ្លាំង នឹកស្មានមកដល់ថា Vincent Wong និង Nancy Wu មិនត្រឹមតែជាតួកុនដែលមានសម្រស់ និង ទេពកោសល្យប៉ុណ្ណោះទេ ពួកគេថែមទាំងអាចរាំចង្វាក់រាំវង់ប្រពៃណីខ្មែរបានយ៉ាងល្អទៀតផង។
គ្រាន់តែឃើញវីដេអូរបស់តារាហុងកុងប្រជាប្រិយភាពទាំង ២ រូប បានបញ្ចេញនៅលើបណ្ដាញសង្គមភ្លាម ប្រិយមិត្តជាអ្នកគាំទ្រគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងមិនស្មានថាអាយដលរបស់ពួកគេ គួរឱ្យស្រឡាញ់ខ្លាំងបែបនេះសោះ ហើយបាននាំគ្នាស៊ែរចែករំលែកច្រើនកុះករនៅលើបណ្ដាញសង្គម៕