ចាំតួស្រីដៃគូទិនហ្វីទេ? បាត់មុខជិត ១៥ ឆ្នាំ ពេលនេះប្រែប្រួលសម្រស់ខ្លាំង
បើនិយាយដល់ដៃគូដែលស័ក្តិសមជាងគេក្នុងការសម្តែងរឿងជាមួយកំពូលតារាប្រុស ទិនហ្វី ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចនោះទេ នូវតារាស្រី Sharla Cheung ដែលនាងតែងតែលេចមុខក្នុងរឿងជាច្រើនជាមួយលោក ដែលមានដូចជារឿង «កុម្មង់ដូទិនហ្វី» និង «ស្តេចប្រដាល់ទិនហ្វី» ព្រមទាំងភាពយន្តល្បីៗផ្សេងៗទៀតនោះឯង។
យ៉ាងណាមិញ តារាស្រីរូបនេះ ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងអំឡុងឆ្នាំ ១៩៩០ ដោយសារតែសម្រស់ ព្រមជាមួយនឹងសមត្ថភាពសម្តែងបត់បែនស្ទើរគ្រប់សាច់រឿងនោះ។ មិនយូរប៉ុន្មាន ក្រោយមក ដោយសារតែការនឿយណាយ ប្រហែលជានៅឆ្នាំ ២០០៦ នៅអាយុខ្ទង់ ៣០ ឆ្នាំ តារាស្រី Sharla Cheung ក៏បានសម្រេចចិត្តផ្អាកឈប់ពីវិស័យសិល្បៈ ដោយបានងាកទៅផ្តោតទៅលើជីវិតផ្ទាល់ខ្លួនវិញ។
មកទល់ពេលនេះ Sharla cheung មានអាយុ ៥៣ ឆ្នាំប្លាយហើយ ហើយក៏នាងបានប្រើប្រាស់ជីវិតរស់នៅយ៉ាងសាមញ្ញផងដែរ ព្រមទាំងបានដាក់ចិត្តដាក់កាយក្នុងព្រះពុទ្ធសាសនា ដោយការប្រតិបត្តិធម៌ និង ដើរតាមវត្តអារាមផ្សេងៗក្នុងប្រទេសចិនជាច្រើន។
ដោយឡែក បើក្រឡេកមកមើលសម្រស់របស់នាងនៅពេលនេះ គេសង្កេតឃើញនាងហាក់មានការប្រែប្រួលខ្លាំង ដោយមើលទៅហាក់ចុះស្គមបាត់សាច់ បាត់ឈាមជាងមុនបន្តិច ប៉ុន្តែយ៉ាងណាក៏ដោយក៏សម្រស់មុខមាត់របស់នាងនៅតែអាចធ្វើឱ្យគេស្គាល់ថានាងជាតារាស្រីល្បី Sharla Cheung ដដែលផងដែរ។
យ៉ាងណាមិញ តារាជើងចាស់រូបនេះ ក៏មានបណ្តាញសង្គម Weibo ផ្ទាល់ខ្លួនផងដែរ ដែលជារឿយៗនាងតែងតែផុសបង្ហាញពីសកម្មភាពជីវិតរបស់ខ្លួនឱ្យអ្នកគាំទ្របានឃើញជានិច្ច ហើយគេក៏សង្ឃឹមថា នាងនឹងអាចត្រឡប់មកចូលសិល្បៈវិញផងដែរ៕