ចាក់ដោតណាស់! អតីតស្វាមី Liying តបវិញយ៉ាងមុត ពេលត្រូវគេសួររឿងរៀបការថ្មី
ជិតមួយឆ្នាំទៅហើយ បន្ទាប់ពី Feng Shaofeng និង Zhao Liying បានប្រកាសលែងលះគ្នា ធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រមានការសោកស្តាយ ព្រោះការសម្រេចចែកផ្លូវគ្នារបស់អ្នកទាំងពីរ ពិតជារឿងមួយមិននឹកស្មានដល់។ រហូតមកដល់ពេលនេះ គ្រប់សកម្មភាពទាក់ទងនឹងតារាប្រុសស្រីទាំងពីរ ក៏តែងជាប្រធានបទទាញយកការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រមិនដាច់ ភាគច្រើនសង្ឃឹមថាអ្នកទាំងពីរអាចវិលត្រឡប់មកជានាគ្នាវិញ ប៉ុន្តែយ៉ាងណាបញ្ហាបើកចំហនៅតែមានបន្តបន្ទាប់។
ដោយឡែក កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមបានចែករំលែកនូវបទសម្ភាសរបស់លោក Feng Shaofeng ដែលច្បាស់ណាស់ថា បទសម្ភាសបញ្ចេញពី QQ នេះ ត្រូវបានពិធីករក្នុងកម្មវិធីបានសួរទៅកាន់តារាសម្ដែងត្រកូល Feng ថា ៖ «បើលោករៀបការម្ដងទៀតជាមួយនឹងគូថ្មី តើគិតអាណិត Liying ឬទេ?»។ អាចនិយាយបានថា សំណួរចាក់ដោតមួយនេះ អាចធ្វើឱ្យតារាសម្ដែងប្រុសរូបនេះ ពិបាកនៅក្នុងការឆ្លើយតបវិញភ្លាម ក៏ព្រោះតែពិធីកររូបនេះ មានចេតនាទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនរបស់ពួកគេ។
ភ្លាមនោះ តួឯកប្រុសរូបនេះ បានឆ្លើយតបវិញដោយមិនស្ទាក់ស្ទើរថា ៖ «យើងមិនគួរនៅដិតជាប់នឹងស្នេហាអតីតកាលនោះទេ»។ ចម្លើយនេះ ធ្វើឱ្យគ្រប់គ្នាអាចស្មានដឹងហើយ អ្នកទាំងពីរលែងមានឱកាសក្នុងការត្រឡប់មកជួបជុំគ្នាវិញម្ដងទៀតឡើយ ដោយបានត្រឹមតែដកដង្ហើមធំ និង បង្ហាញអារម្មណ៍សោកស្តាយ ក្រោយបានឮបទសម្ភាសរបស់ Feng Shaofeng៕