ទោះបីលែងគ្នាជិត ២០ ឆ្នាំក្តី តែ Angelina Jolie នៅតែធ្វើមួយនេះ ឱ្យអតីតស្វាមីទី ២
មុននឹងបានមកសាងស្នេហ៍ជាមួយ Brad Pitt កំពូលតារាសម្តែងស្រី Angelina Jolie ក៏ធ្លាប់បានរៀបការសាងជីវិតគ្រួសារជាមួយនឹងតារាប្រុស Billy Bob ម្តងទៅហើយនៅអំឡុងឆ្នាំ ២០០០ តែក្រោយមកក៏ត្រូវមកលែងលះចែកផ្លូវគ្នាទៅវិញនៅក្នុងឆ្នាំ ២០០៣។
យ៉ាងណាមិញ ទោះជាលែងគ្នាហើយក៏ដោយ តែលោកស្រី Angelina នៅតែរក្សាទំនាក់ទំនងល្អជាមួយអតីតស្វាមី Billy ជានិច្ច ជាពិសេសជាមួយនឹងកូនៗប្រុសរបស់លោកនោះឯង។ តាមពិតទៅលោក Billy ធ្លាប់មានភរិយា និង កូនប្រុសពីរនាក់រួចមកហើយ ទើបមកជួបគ្នាជាមួយនឹង Angelina។
ក្នុងនោះ ខណៈកំពុងរស់នៅជុំគ្នាជាគ្រួសារ លោកស្រី Angelina បានបំពេញតួនាទីជាម្តាយរបស់កូនប្រុសទាំងពីរនោះបានល្អណាស់ ដោយតែងតែជូនពួកគេទៅដំណើរកម្សាន្តមិនដែលដាច់ឡើយ ដែលធ្វើពួកគេស្រឡាញ់លោកស្រីជាខ្លាំង។ មកទល់ពេលនេះ បើទោះជាពួកគេធំពេញវ័យទៅហើយក៏ដោយ ក៏លោកស្រីនៅតែមានទំនាក់ទំនងល្អជាមួយពួកគេដដែល ហើយថែមទាំងនៅទៅទិញកាដូ Christmas ឱ្យពួកគេមិនដែលខានថែមទៀតផង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជានឹកស្ញើចសរសើរទឹកចិត្តជាម្តាយរបស់លោកស្រី Angelina ខ្លាំងណាស់ ពោលគឺលោកស្រីស្រឡាញ់ចូលចិត្តក្មេងខ្លាំង ដែលមើលទៅគួរឱ្យរំជួលចិត្តមែនទែន៕