អ្នកនិពន្ធល្បីឈ្មោះ សោម ដូរ៉េ ប្រកាសដើរចេញពី «ថោន» ទាំងចិត្តអាល័យ ក្រោយរួមការងារជិត ១០ ឆ្នាំ
ជឿជាក់ថាប្រិយមិត្តជាច្រើនសុទ្ធតែបានស្គាល់ហើយពី អ្នកនិពន្ធ និង ផលិតករចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន លោក សោម ដូរ៉េ ដែលមានសមត្ថភាពខ្ពស់ បង្កើតស្នាដៃជាច្រើនក្នុងការនិពន្ធបទចម្រៀង និងផលិតវីដេអូចម្រៀងល្បីៗជាច្រើនឆ្នាំកន្លងទៅក្នុងផលិតកម្មមួយនេះ។
ដោយឡែកថ្មីៗនេះ មហាជនលើបណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញ អ្នកនិពន្ធល្បីឈ្មោះរូបនេះ បានធ្វើការប្រកាសដើរចេញពីផលិតកម្មថោនហើយ ក្រោយពីបានរួមការងារអស់រយៈពេលជិត ១០ ឆ្នាំ។ ក្នុងនោះ លោក បានឱ្យដឹងថា ការចាកចេញនេះ ទាំងចិត្តអាល័យ ដោយមិនធ្លាប់មានគម្រោងថានឹងចេញនោះឡើយ ក៏ព្រោះតែលោកធ្វើតាមកាលៈទេសៈបង្ខំ ហើយលោក នឹងបន្តធ្វើជាអ្នកនិពន្ធឯករាជ្រវិញម្ដង។
នេះបើតាមបណ្ដាញសង្គមរបស់ លោក សោម ដូរ៉េ បានបង្ហោះសាររៀបរាប់ថា ៖ «ជម្រាបលាកន្លែងការងារដែលខ្ញុំស្រឡាញ់ និងជ្រកកោនអស់រយ:ពេលជិត ១០ ឆ្នាំ ខ្ញុំគ្មានគម្រោងចាកចេញទេ ព្រោះការងារខ្ញុំនៅសល់ច្រើនណាស់! ប៉ុន្តែកាល:ទេស:បានបង្ខំខ្ញុំ! ថ្ងៃនេះខ្ញុំបាទ សោម ដូរ៉េ បាទបញ្ចប់តួនាទីជាប្រធានផ្នែកផលិតបទចម្រៀងក្នុងផលិតកម្មថោន! ដូច្នេះខ្ញុំមានសេរីភាព និង ជាអ្នកនិពន្ធឯករាជ្រ ចាប់ពីថ្ងៃនេះតទៅ! ខ្ញុំនិងត្រៀមបង្ហាញការងារថ្មីរបស់ខ្ញុំនៅសប្តាហ៍ក្រោយនេះ! អរគុណសម្រាប់ការស្រឡាញ់ និង គាំទ្រស្នាដៃរបស់ខ្ញុំបាទ!»។
ខណៈនោះដែរ បន្ទាប់ពីមានការភ្ញាក់ផ្អើល ក៏បានឃើញអ្នកគាំទ្រ ព្រមទាំងអ្នកសិល្បៈជាច្រើន បានធ្វើការជូនពរដល់រូបលោក ចំពោះការចាកចេញនេះ ឱ្យជួបសំណាងល្អ និងកាន់តែជោគជ័យក្នុងជីវិតផងដែរ៕