អុញ! បែកគ្នា ២ ខែ Shawn និង Camila ត្រូវគេថតបានកំពុងលួចណាត់ជួបគ្នាស្ងាត់ៗ
អ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបានឃើញនូវរូបថតរបស់ Shawn Mendes និង Camila Cabello បានណាត់ជួបគ្នាដោយសម្ងាត់តែ ២នាក់ បន្ទាប់ពីពួកគេប្រកាសចែក ផ្លូវគ្នាបាន ២ ខែ។
នេះបើតាមការទម្លាយចេញពី TMZ បានឱ្យដឹងថា មហាជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញគូស្នេហ៍តារាចម្រៀងអាមេរិកល្បីមួយគូនេះ បានណាត់ជួបគ្នាម្ដងទៀតនៅឯសួនឧទ្យានមួយកន្លែង ក្នុងទីក្រុង Miami កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីអ្នកទាំងពីរបែកគ្នាបានត្រឹមតែ ២ ខែប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា តារាទាំងពីរបានបណ្តើរសត្វចិញ្ចឹមដើរលេងនៅឯឧទ្យានមួយកន្លែងនោះ និង ជជែកគ្នាយ៉ាងសប្បាយរីករាយធ្វើដូចធម្មតា។ ជាហេតុធ្វើឱ្យគ្រប់គ្នាជាអ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើល និង អន្ទះសារចង់ឱ្យអ្នកទាំងពីរបកស្រាយបញ្ជាក់ច្បាស់ពីទំនាក់ទំនងរបស់ពួកគេ បច្ចុប្បន្ននេះត្រូវជាអ្វីនឹងគ្នា។
នេះជាលើកទី១ ហើយ ដែល Shawn និង Camila ចេញមុខជាមួយគ្នាដើរតាមទីសាធារណៈ ក្រោយពីបែកគ្នា ហើយមូលហេតុដែលគូស្នេហ៍ ២ឆ្នាំមួយគូនេះ សម្រេចចិត្តចែកផ្លូវគ្នា គឺមកពីការខ្វែងគំនិតគ្នា និង មិនមានពេលវេលាគ្រប់គ្រាន់ឱ្យគ្នាទៅវិញទៅមក។ អាចនិយាយបានថា Shawn និង Camila គឺជាគូស្នេហ៍ដែលមានអ្នកគាំទ្រច្រើនក្នុងវិស័យកម្សាន្តហូលីវូដ ហើយគ្រប់គ្នាមានការសោកស្តាយ និង ជ្រួលច្របល់ក្នុងចិត្តជាខ្លាំង នៅពេលអ្នកទាំងពីរ ប្រកាសចែកផ្លូវគ្នា កាលពីខែវិច្ឆិកា ឆ្នាំ ២០២១៕