ប៉ែន ស្រីពេជ្រ ទម្លាយសារយ៉ាងមានន័យ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ១ឆ្នាំ ជាមួយនឹងដំរួយមួយ
គិតមកដល់ពេលនេះ មានរយៈពេល ១ ឆ្នាំហើយ ដែល ពិធីការិនីដ៏មានប្រជាប្រិយភាព ប៉ែន ស្រីពេជ្រ បានដឹកដៃគូស្នេហ៍ លោក ឆេង ពន្លកនេត្រា ដែលជាមន្ត្រីបម្រើការនៅព្រឹទ្ធសភា ចូលរោងការ និងបានចាប់ដៃសាងសុភមង្គលដ៏ផ្អែមល្ហែមជាមួយគ្នា តែងបង្អួតដល់មហាជនលើបណ្ដាញសង្គមជារឿយៗនោះ។
យ៉ាងណាមិញ ដ្បិតតែ អ្នកទាំងពីរ បានចាប់ដៃសាងសុភមង្គលជាមួយគ្នារយៈពេលមួយឆ្នាំហើយមែន ប៉ុន្តែ ក៏ពុំទាន់ឃើញ អ្នកទាំងពីរ បង្ហើបពីដំណឹងយកទាយាទស្នងត្រកូលនឹងគេនោះទេ ដែលកំពុងតែមមាញឹកចាប់ដៃគ្នាបង្កើតមុខជំនួញជាច្រើនបន្តបន្ទាប់។
ដោយឡែកស្រាប់តែនៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ ដែលត្រូវបានថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ របស់ ពិធីការនីរូបនេះ និងស្វាមីសំណព្វចិត្ត គេក៏បានឃើញបណ្ដាញសង្គមរបស់អ្នកនាង បង្ហោះវីដេអូចម្រៀងថ្ងៃមង្គលការ ភ្ជាប់ជាមួយសារអបអរថ្ងៃគម្រប់ខួបនេះ។ អ្វីដែលពិសេសនោះ គឺក្នុងឆ្នាំថ្មីនេះ អ្នកនាង ក៏បានបង្ហើបចង់បានទាយាទហើយ ដែលធ្វើការផ្សងសុំចំណងដៃគ្រាប់ពេជ្រតូច ដើម្បីបន្ថែមឱ្យជីវិតគ្រួសាររបស់នាង កាន់តែមានភាពពេញលេញផងដែរ។
សារនោះ អ្នកនាង ប៉ែន ស្រីពេជ្រ បានរៀបរាប់ថា ៖ «Happy anniversary 1 ឆ្នាំ របស់នាងខ្ញុំ និង ស្វាមី ហើយក៏រីករាយឆ្នាំទី ៧ ដែលយើងស្គាល់គ្នា ពួកយើងគ្រាន់តែចង់រំឭកអនុស្សាវរីយ៍ បទចម្រៀង រូបភាពថ្ងៃអាពាហ៍ពិពាហ៍របស់យើងទាំងពីរ វាជាការចងចាំ ជាការតស៊ូចំពោះការខិតខំប្រឹងប្រែងរបស់យើង ឆ្នាំនេះមិនសុំអ្វីច្រើនទេ សុំសេចក្តីសុខ សុខភាពល្អ រកលុយបានច្រើន មួយទៀតគឺ ចំណងដៃគ្រាប់ពេជ្រតូចរបស់យើង សូមផ្ញើបទចម្រៀងនេះម្តងទៀត ជូនទៅដល់គូស្វាមីភរិយាណា ដែលត្រូវសាច់រឿងរបស់គាត់ គឺបុរសល្អ»។
ទន្ទឹមនឹងនោះដែរ មហាជនលើបណ្ដាញសង្គម ក៏ដូចសិល្បករ-ការិនីជាច្រើន បានធ្វើការចូលរួមអបអរថ្ងៃគម្រប់អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ព្រមទាំងជូនពរឱ្យកាន់តែទទួលបានសេចក្ដីសុខ និង សុភមង្គលក្នុងគ្រួសារ និងទទួលបានបុត្រឆាប់ៗផងដែរ៕