ក្រោយធ្លាយរឿងបែកស្នេហា ឆឹម សក្កដា បញ្ចេញអារម្មណ៍ Sad ដូចមនុស្សគ្មានវិញ្ញាណបន្តបន្ទាប់
ជាការពិត ចំណងស្នេហ៍ ៥ ឆ្នាំរបស់ តារាប្រុស ឆឹម សក្ដដា និង អ្នកនាង ពេជ្រ សោភា បានដើរដល់ផ្លូវបំបែកហើយ ដែលជារឿងដ៏ភ្ញាក់ផ្អើល និងសោកស្ដាយបំផុតសម្រាប់អ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ ព្រោះការបែកបាក់នេះ បានត្រឹមតែបន្សល់នូវអនុស្សាវរីយ៍ជាច្រើនក្នុងរយៈពេលច្រើនឆ្នាំមកនេះ។
រឿងរ៉ាវបែកបាក់ស្នេហានេះ បានបែកធ្លាយ ក្រោយពី តារាស្រី ពេជ្រ សោភា បង្ហើបពីទំនាក់ទំនងស្នេហាថ្មីរវាងខ្លួន និង បុរសអាថ៌កំបាំងរូបសង្ហាម្នាក់ ដែល អ្នកគាំទ្រសង្ស័យថា ជាតារាម៉ូដែលឈ្មោះថា ស៊ីន សំណាង ហៅ យ៉ូស៊្វេ ណាង ដែលកំពុងតែបង្ហាញសកម្មភាពផ្អែមល្ហែមនឹងគ្នាជាបន្តបន្ទាប់ផ្អើលពេញបណ្ដាញសង្គម។
ដោយឡែកងាកទៅមើលតារាប្រុស ឆឹម សក្ដដា វិញ ស្របពេលបែកធ្លាយរឿងបែកបាក់ស្នេហា និងអតីតគូស្នេហ៍កាន់តែផ្អែមល្ហែមនឹងអ្នកថ្មីបែបនេះ គេសង្កេតឃើញថាមួយរយៈនេះ លោក តែងបង្ហាញអារម្មណ៍កើតទុក្ខ ឯកា ជារឿយៗធ្វើឱ្យអ្នកគាំទ្រគិតថា លោក ហាក់កំពុងតែខូចចិត្តនឹងរឿងស្នេហាដែលបានប្រះឆានេះ។
ជាក់ស្ដែងថ្មីៗនេះ គេក៏បានឃើញ តារាប្រុសរូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញទឹកមុខស្រពាប់ស្រពោន និងភ្ជាប់ជាមួយនឹងសារមួយឃ្លាបង្ហាញពីអារម្មណ៍ឯកាថា ៖«នៅម្នាក់ឯងត្រូវបន្ថែមកំដៅបន្តិចដើម្បីកុំអោយរងា!»។
ក្រោយពីបានឃើញបែបនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម បាននាំគ្នាចូលខមមិនធ្វើការជួយលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់រូបលោកគ្រប់គ្នាផងដែរ៕