ស្រឡាំងកាំងអស់! Dilraba ត្រូវគេចោទថាចម្លងស្ទីលពី Fan Bingbing ស្ទើរតែទាំងដុល
អស់រយៈពេល ៣ ឆ្នាំកន្លងមកនេះ Fan Bingbing បានបាត់បង់ប្រជាប្រិយភាពស្ទើរតែពាក់កណ្តាលទៅហើយ ព្រោះជាប់មានរឿងអាស្រូវគេចពន្ធ ដែលធ្វើឱ្យតារាស្រីរូបនេះបាត់បង់ឱកាសការងារជាច្រើនក្នុងការសម្ដែងភាពយន្ត និង ចូលរួមក្នុងកម្មវិធីនានា។ មកទល់នឹងពេលនេះវាមិនមែនជារឿងចៃដន្យទេ ដែលតារាសម្ដែងស្រី Dilraba Dilmurat បានក្លាយជាគូប្រជែង ដោយមើលឃើញច្បាស់ៗពីការងារបច្ចុប្បន្ន និង វត្តមានចូលរួមក្នុងព្រឹត្តិការណ៍រាប់មិនអស់។
យ៉ាងណាមិញ ពេលនេះមានប្រធានបទមួយបានកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម Weibo ដែលអ្នកសរសេរប្លុកម្នាក់បានចោទទៅតារាស្រីរូបស្រស់ Dilraba មានចេតនា «Copy & Paste» ទាំងដុលពី Fan Bingbing ដែលគ្រប់គ្នាស្គាល់ជារាជិនីកំពូលសម្រស់ ទាំងម៉ូដសក់ ឈុតសម្លៀកបំពាក់ និង ស្ទីលថតរូប ជាដើម។ រហូតដល់មានពាក្យសម្តីថា Dilraba ក្លាយជាតារាបង្ហាញម៉ូតជំនាន់ថ្មី ជំនួសតំណែងតារាជើងចាស់ល្បី។
បើតាមការរុករករូបថតស្រដៀងគ្នាច្រើនសន្លឹកចេញពីការថតម៉ូដឱ្យទស្សនាវដ្តីជាបន្តបន្ទាប់ ធ្វើឱ្យអ្នកនិយមលេងក្នុងបណ្ដាញសង្គម ធ្លោយលើកឡើងថា ពិបាកនឹងចំណាំថាអ្នកណាជាកំពូលសម្រស់ឱ្យពិតប្រាកដ។
ទោះជាយ៉ាងណា Dilraba Dilmurat មិនទាន់មានប្រតិកម្មចេញមុខបកស្រាយជុំវិញរឿងចចាមអារ៉ាមលួចចម្លងនេះឡើយ ប៉ុន្តែរូបភាពទាំងនេះ ត្រូវបានគេចែករំលែកពាសពេញ និង សម្ដែងការខកចិត្ត រង់ចាំចម្លើយបកស្រាយចេញពីមាត់របស់នាង ចំពោះរឿងហេតុនេះ៕