ឆ្ងាយគ្នាជិត ២ ឆ្នាំ! ទីបំផុត Yang Mi អាចជួបកូនស្រីហើយ ក្រោយខាងប្តីធ្លាប់បោះសម្តីឱ្យមួយឆ្ងាញ់បែបនេះ
តាំងពីលែងលះពីលោក Hawick Lau មក តារាស្រី Yang Mi ត្រូវបានគេចោទសួរឥតឈប់ពីការទទួលខុសត្រូវក្នុងការមើលថែទាំកូនស្រីរួមគ្នា។ ដោយសារតែស្ថានភាពនៃជំងឺកូវីដបានរាតត្បាតបង្កភាពស្មុគស្មាញពេក និង ការងារមមាញឹកខ្លាំងទៀតនោះ ទើបបានជារយៈពេលជិត ២ ឆ្នាំមកនេះ តារាសម្ដែងស្រីរូបនេះ នាងមិនបានជួបជាមួយនឹងកូនស្រីតូចទាស់តែសោះ។ ដល់ថ្នាក់សូម្បីតែឪពុកក្មេករបស់នាង ក៏និយាយម្តងហើយម្តងទៀតថា អតីតកូនប្រសារបស់គាត់មិនខ្វល់ទេ បានតែទូរស័ព្ទសួររកកូនប៉ុណ្ណោះ។
បើតាមប្រភពពី QQ បាននិយាយថា ថ្មីៗនេះ មានអ្នកនិយមលេងអ៊ីនធឺណេតម្នាក់បានចែករំលែករឿងរ៉ាវអំពីឱកាសក្នុងការសហការជាមួយនឹងក្រុមការងាររបស់តួឯកស្រីរូបនេះ ហើយគេថែមទាំងសរសើរមិនដាច់ចំពោះវិជ្ជាជីវៈ និង ភាពរួសរាយរាក់ទាក់របស់នាងចំពោះមនុស្សគ្រប់គ្នា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកនិយមលេងអ៊ីនធឺណេតក៏បានបន្ថែមទៀតថា Yang Mi មានគ្រោងនឹងយកនាងតូច Noemie Lau ទៅលេងស្គីនៅពេលខាងមុខនេះ។
បើព័ត៌មាននេះជាការពិត នេះជាការចេញក្រៅលើកដំបូងជាមួយគ្នា សម្រាប់ម្ដាយកូនទាំងពីរ ដែលខានជួបគ្នាអស់ជិត ២ ឆ្នាំ។ ក្នុងនោះដែរ អ្នកនិយមលេងអ៊ីនធឺណេតភាគច្រើនបានរំពឹងទុកថា តារាស្រីរូបនេះ អាចនឹងចែករំលែករូបថតជាមួយកូនស្រីរបស់ខ្លួននៅលើបណ្ដាញសង្គម។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ Yang Mi តែងតែផ្តោតសំខាន់លើរក្សាភាពឯកជនរបស់កូនស្រី មិនថាមុន ឬ ក្រោយលែងលះនោះទេ តារាស្រីរូបនេះមិនបង្ហាញមុខ និង និយាយរឿងកូនរបស់នាងនៅចំពោះមុខអ្នកសារព័ត៌មានឡើយ។ ដូច្នេះហើយ ទើបបានជាមហាជនមួយចំនួនតែងគិតថា នាងមិនមែនជាម្ដាយល្អអ្វីនោះទេ៕