មុនរៀបការ Rain ធ្លាប់ត្រូវ Kim Tae Hee បដិសេធឡើងស្ពឹកមុខ
គូស្នេហ៍ល្បីប្រចាំវិស័យសិល្បៈកូរ៉េ តារាប្រុស Rain និង Kim Tae Hee បានសម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នាកាលពីឆ្នាំ ២០១៧ កន្លងទៅ ហើយមកទល់ពេលនេះ ពួកគេទទួលបានចំណងដៃជាកូនស្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់ ចំណែកស្នេហារបស់ពួកគេក៏នៅតែផ្អែមល្ហែមដដែល។
យ៉ាងណាមិញ បើក្រឡេកមើលប្រវត្តិស្នេហារបស់ពួកគេវិញ ក៏មិនទៅណាឆ្ងាយពីការជួបគ្នានៅក្នុងវិស័យសិល្បៈនេះដែរ។ Rain បានឱ្យដឹងថា លោកបានជួបភរិយាសំណព្វចិត្ត Kim Tae Hee គឺកាលពី ១០ ឆ្នាំមុនឯណោះ ក្នុងការថតស្ពតមួយជាមួយគ្នា។
កាលនោះ គ្រាន់តែឃើញ Tae Hee ភ្លាម Rain ក៏បានចាប់អារម្មណ៍នាងមុនបាត់ទៅហើយ ដោយលោកថែមទាំងគិតថានាងហាក់ពិសេសប្លែកពីនារីទូទៅដែលលោកធ្លាប់ជួបថែមទៀតផង។ ក្រោយមក លោកក៏ចាប់ផ្តើមចូលទៅទាក់ទងនាង ប៉ុន្តែគួរឱ្យសោកស្តាយ លោកត្រូវបាននាងបដិសេធជាប់ៗគ្នារហូត ៥ ដងឯណោះ ដែលធ្វើឱ្យលោកស្ទើរអស់សង្ឃឹម និង ស្ពឹកមុខមិនតិចនោះទេ។
យ៉ាងណាមិញ ដោយសារតែវាសនាបានចាររួចមក គួបផ្សំនឹងការព្យាយាម ចុងក្រោយ Rain មិនត្រឹមតែបាន Tae Hee ជាសង្សារនោះទេ លោកថែមទាំងបាននាងមកធ្វើជាភរិយា និង ជាម្តាយរបស់កូនៗលោកថែមទៀតផង ហើយចំណែក Tae Hee ក៏សារភាពដែរថា Rain នេះហើយជាស្នេហ៍ពិតរបស់នាង៕