ផ្អើលអ្នកគាំទ្រ! Golf Anuwat ទម្លាយថា ត្រូវមនុស្សប្រុសតាមបៀតបៀនដល់បន្ទប់ទឹក ពេលចូលបត់ជើងតូច
Golf Anuwat ជាតារាថៃដ៏ល្បី ដែលលេចមុខខ្លាំងលើកិត្តិនាមតួសម្តែងដែលមហាជនស្ងើចសរសើរបំផុត ក្រោយលេងជាតួស្រឡាញ់ប្រុសដូចគ្នា ឈ្មោះ Sin ក្នុងកុនភាគរបស់ Club Friday The Series 12 មានចំនងជើងថា «Rak Sap Son»។
ក្រោយកេរ្តិ៍ឈ្មោះ និង ទេពកោសល្យ សម្តែងស្នេហាប្រុស និង ប្រុស សែនស័ក្តិសមឥតខ្ចោះ Golf Anuwat បានត្រូវបានផលិតករដទៃអញ្ជើញ បន្តការសម្តែងពី Club Friday The Series រហូតដល់កុនភាគប្រភេទស្នេហាប្រុស និង ប្រុសដទៃច្រើនទៀត ដែលតារាសម្តែងប្រុសរូបនេះលេងបានយ៉ាងស៊ីផុយ ព្រមជាមួយនឹងជំនាញសម្តែងយ៉ាងល្អឥតខ្ចោះនេះហើយ ដែលនាំបណ្តាលចិត្តមហាជនអ្នកទស្សនាជាច្រើន មានចម្ងល់ថា តើ Golf Anuwat ស្រឡាញ់ប្រុសដូចគ្នាមែនទេដឹងហ្អី?
ស្របគ្នានឹងចម្ងល់នេះដែរ កាលពីថ្មីៗកន្លងទៅនេះ តារាសម្តែង រាងសិចស៊ី សាច់សខ្ចី វ័យ ៣៧ ឆ្នាំ Golf Anuwat បានថ្លែងពីអារម្មណ៍ពិត ដែលមហាជនរមែងឆ្ងល់ពីជិវិតឯកជនរបស់លោក ដោយលោកបានទម្លាយការពិតថា លោកនៅតែស្រឡាញ់មនុស្សស្រីដដែល។ ការសម្តែងមនោសញ្ចេតនាស្នេហាប្រុស និង ប្រុស មិនមែនជាជំនាញអីនោះទេ សម្រាប់តារាប្រុសរូបនេះគ្រាន់តែមានអារម្មណ៍ថា ខ្លួនអាចលេងបានល្អដោយអត់ពិបាកត្រូវការដាក់អារម្មណ៍ ឬ អៀនច្រើន ដោយវាធ្វើឱ្យលោកអាចលេងចូលតួស្រួលជាងការសម្តែងជាមួយតារាសម្តែងភេទស្រី (លេងបានលះតែម្តង) ។
ជាមួយការសម្តែងតួប្រភេទនេះដែរ មានការចោទសួរតារាប្រុស Golf Anuwat ថាតើលោកមានផលវិបាកអ្វីខ្លះទេនៅពេលកាលៈទេសៈនៃអាជីពសម្តែងស៊ីតែជាមួយប្រភេទតួអង្គប្រុសស្រឡាញ់ប្រុសបែបនេះ? ក្នុងនោះដែរ តារាប្រុសរូបនេះបានឆ្លើយថា ៖ «បាទមាន! គឺឈុតលើគ្រែ ស្អិតល្មួតជាមួយបុរសដូចគ្នា មានភាពងាយស្រួលជាងមនុស្សស្រី និង លេងឆាប់ត្រូវចិត្តអ្នកដឹកនាំក៏ពិតមែន តែបញ្ហាធំ តារាសម្តែងជាបុរសគឺ មានពុកមាត់ និង ពិបាកសម្តែងខ្លាំង ព្រោះថើបម្តងៗវារសើប និង ស្រៀវខ្លាំងណាស់បាទ! (GOLF ពោលទាំងសើច) ហើយជីវិតដើរហើរខាងក្រៅក៏ប្រែប្រួល ៣៦០ ដឺក្រេ លែងដូចមុន។ ស្រីៗដែលគាំទ្រហាក់បាត់អស់រលីង ភាគច្រើនអ្នកមកសុំថតរូបជាមួយពេលសបភីងច្រើនជាបុរស ជាពិសេសនៅកន្លែងហាត់ប្រាណ (GYM) អូហូយ! គឺច្រើនតែម្តង» ។
តារាប្រុស Golf Anuwat បានបន្តទៀតថា ៖ «បទពិសោធដ៏គួរឱ្យខ្លាចមួយកើតឡើងចំពោះលោកនោះ គឺលោកត្រូវបានបុរសវ័យចំណាស់ម្នាក់ដើរតាមពីក្រោយពេលណាក៏មិនដឹង ហើយគំរាមកំហែងលោកដល់ក្នុងបង្គន់ អំឡុងពេលលោកចូលទៅបត់ជើងតូច រុញលោកផ្ទប់នឹងជញ្ជាំង តែលោកច្រានគេចេញរត់ចាកចេញឡើងលឿន។ បើសួរថាខ្លាចគេរំលោភទេ លោកតបថាអត់ទេ ខ្លាចឆ្លងកូវីដ-១៩ ច្រើនជាង។ មានវត្តមានអ្នកគាំទ្រខ្លះមកសុំថតជាមួយ ហើយព្យាយាមខ្សឹបសុំលោកចរចាដើម្បីឡើងគ្រែនៅសណ្ឋាគារទៀតផង ដែលវាបានធ្វើឱ្យលោកមានការខ្លាចរអា នឹងដើរហើរតាមទីសាធារណៈ ឬ ធ្វើដំណើរតែឯងដូចមុន »។
យ៉ាងណាមិញ ក្នុងបទសម្ភាសនោះ តារាប្រុស Golf Anuwat ក៏បានឱ្យដឹងដែរថា លោករីករាយដែលមហាជនសរសើរលោកចំពោះតួនាទីជាតួប្រុសនេះ ប៉ុន្តែលោកនៅតែទទូចថា ៖ «សុំចិត្តមែនណ៎ា! លោកនៅតែចូលចិត្តមនុស្សស្រីដដែលទេ»៕
ប្រភព៖ MGR news