មកស្គាល់ហាងកាហ្វេល្បី ៤ កន្លែង ដែលជាកម្មសិទ្ធរបស់កំពូលតារា
ការពិតណាស់ មានប្រិយមិត្តមិនតិចនោះទេ ដែលបានស្គាល់តួសម្តែងល្បីៗរបស់ថៃ ជាពិសេស រឿងរ៉ាវជីវិតឯកជនរបស់ពួកគេ មិនថាស្នេហា ឬ ការងារ តែអ្វីដែលមហាជនខ្លះនៅមិនទាន់បានជ្រាបនោះ ប្រហែលនៅពុំទាន់ដឹងទេថា ក្រៅពីការងារសម្តែងនៅក្នុងសិល្បៈ តារាប្រុសស្រីទាំងនោះក៏មានជំនួញ និង មុខរបរផ្សេងទៀតដែរ។ ជាពិសេស តារាប្រុសស្រី ៤ ដួង ដែល «ប្រជាប្រិយ» នឹងលើកយកមកបង្ហាញនេះ មិនត្រឹមតែជាតារាល្បីជួរមុខនោះទេ តែពួកគេថែមទាំងមានរបរមួយដែលយុវ័យកំពុងតែពេញនិយមផងដែរ នោះគឺ ហាងកាហ្វេ។ ចង់ដឹងថា តើតារារូបណាខ្លះ ជាម្ចាស់កម្មសិទ្ធិហាងកាហ្វេល្បីណាខ្លះ សូមតាមដានទាំងអស់គ្នា៖
១.តារាស្រី Mai Davika
ពិតហើយ បើនិយាយពីតារាស្រី Mai Davika នាងមិនត្រឹមតែជាតារាស្រីល្បីជួរមុខនៅក្នុងប្រទេសថៃនោះទេ តែបើនិយាយពីមុខជំនួញក្នុងដៃវិញក៏មិនធម្មតាដែរ ជាពិសេស នាងក៏ជាម្ចាស់ហាងកាហ្វេល្បីឈ្មោះមួយ នៅក្នុងទីក្រុងបាងកក ដែលមានឈ្មោះថា «Misstar caffee (Mai Davika)» ផងដែរ។ លើសពីនេះទៅទៀត បើងាកទៅមើលពីបរិយាកាសជុំវិញហាងកាហ្វេរបស់នាង ពោពេញទៅដោយខ្សល់អាកាសល្អបរិសុទ្ធ ការតុបតែងបែបទាន់សម័យ ជាពិសេស ជុំវិញហាងមានដាំផ្កា ស្ទើរតែគ្រប់ប្រភេទ គួរឱ្យចង់ទៅកម្សាន្ដ និង អង្គុយផឹកកាហ្វេ សម្រាកលំហែកាយ។
២.តារាស្រី Baifern
ដោយឡែក តារាស្រី Baifern ក៏មិនធម្មតាដែរ មិនថារូបសម្រស់ ឬសមត្ថភាពការសម្តែងនោះទេ អាចនិយាយបានថា ល្អឥតខ្ចោះគ្មានចន្លោះឡើយ។ បើនិយាយពីមុខជំនួញរបស់នាងវិញក៏ពេញដៃ ជាពិសេស អ្វីដែលយុវ័យ ឬ មហាជនកំពុងតែចាប់អារម្មណ៍ និងស្ទើរតែនឹកស្មានពុំដល់នោះគឺ តាមពិតទៅ នាងជាម្ចាស់ហាងកាហ្វេល្បីឈ្មោះ «นมประจำชั้น ឬ Milk Of the class» មួយកន្លែង នៅកណ្តាលទីក្រុង ហើយបើងាកទៅមើលទិដ្ឋភាពនៅក្នុងហាងកាហ្វេរបស់នាងវិញ មានការតុបតែងប្លែកគួរឱ្យចាប់អារម្មណ៍ណាស់ ប្រៀបដូចទៅនឹងថ្នាក់រៀនក្មេងៗ ដែលមានទាំងរបស់ក្មេងលេង សៀវភៅសម្រាប់អាននៅក្នុងនោះ ថែមទៀតផង។ ជាពិសេស អ្វីដែលសំខាន់ គឺហាងកាហ្វេរបស់នាង ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ស្ទើរតែគ្រប់ស្រទាប់យុវវ័យផងដែរ៕
៣.តារាប្រុស Boy Pakorn
តារាប្រុសរូបសង្ហា Boy Pakorn វិញ ក៏មិនចាញ់តារាស្រីពីររូបដែលបានរៀបរាប់មុនដែរ មិនត្រឹមតែជាតារាល្បីនោះទេ តែ Boy Pakorn ក៏ជាម្ចាស់ហាងកាហ្វេល្បីដែលមានឈ្មោះថា «Rongsi Studio» ទៀតផង។ បើនិយាយពីហាងកាហ្វេរបស់លោក គឺស្ថិតនៅមាត់ទឹកទន្លេចៅផាយ៉ា ទីក្រុងបាងកក។ ចំពោះស្ទីលនៃការតុបតែងហាងវិញ ក៏មិនធម្មតាដែរ ពោលគឺទិដ្ឋភាពក្នុងហាងកាហ្វេរបស់លោក គឺតុបតែងបែបបុរាណគួរឱ្យទាក់ទាញ់ ជាពិសេស គឺមានកន្លែងថតរូបស្អាតៗ មានមាត់ទឹកសម្រាប់អង្គុយស្រូបយកខ្យល់អាកាស យ៉ាងបរិសុទ្ធផងដែរ។
៤.តារាប្រុស Film Rattapoom
ចំណែក តារាប្រុសរូបសង្ហា Film Rattapoom បើទោះបីជាលោកហាក់បាត់មុខមួយរយៈពីសិល្បៈក៏ពិតមែន តែមហាជនខ្លះក៏ពុំបានដឹងទេថា លោកកំពុងតែរវល់នឹងមុខជំនួញជាច្រើនរបស់លោក។ ជាពិសេស អ្វីដែលមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំងនោះ គឺលោកជាម្ចាស់ហាងកាហ្វេល្បីឈ្មោះ នៅកណ្ដាលទីក្រុងមួយកន្លែង ដែលមានឈ្មោះថា «1984 Coffee» ដែលឈ្មោះនេះលោកបានយកឆ្នាំកំណើតរបស់លោកមកដាក់ជាឈ្មោះហាងតែម្តង។ ដោយឡែក បើនិយាយពីបរិយាកាសនៅក្នុងហាងវិញ ពិតជាទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវដែលអញ្ជើញមក ជាពិសេស មានកន្លែងថតរួបស្អាតៗដើម្បីទាក់ទាញចិត្តយុវវ័យមិនចាញ់ហាងល្បីដទៃនៅក្នុងក្រុងឡើយ៕
ប្រភព៖ @LannaIndyrecord