ម្ចាស់ផលិតកម្ម LD ពោលពាក្យនេះ ក្រោយ Paing ត្រូវគេកាត់ទោសជាប់គុក ៣ ឆ្នាំ និង រងទណ្ឌកម្ម
នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ប្រិយមិត្តអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសរបស់តារាសម្តែងជនជាតិភូមា លោក Paing Takhon កំពុងតែមានការព្រួយបារម្ភរូបលោកកាន់តែខ្លាំង ក្រោយសារព័ត៌មានដ៏ធំនៅភូមា BBC New បានចុះផ្សាយថា Paing នឹងត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកចំនួន ៣ ឆ្នាំ និង ត្រូវទទួលរងទណ្ឌកម្ម ប្រើកម្លាំងបាយយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈដែលលោកនៅក្នុងការឃុំឃាំង។
ក្រោយទទួលបានដំណឹងនេះហើយ មហាជនអ្នកគាំទ្រកំពុងតែអន្ទះសាចង់ដឹងសុខទុក្ខរបស់លោក Paing Takhon កាន់តែខ្លាំងឡើង ក៏ព្រោះតារាប្រុសរូបនេះត្រូវបានបាត់ដំណឹងសូន្យឈឹងចាប់តាំងការចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ ក្រោយពីតារាប្រុសរូបនេះបានចេញមុខតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធា។
បើក្រឡេកមកមើលម្ចាស់ផលិតកម្ម LD លោក លៀក លីដា ដែលត្រូវបានគេដឹងថា ធ្លាប់រួមការងារជាមួយនឹងលោក Paing Takhon ជាពិសេសរឿង «នាឡិកាដាស់វិញ្ញាណ ភាគ ២» របស់ផលិតកម្ម LD និង មានតារាប្រុសភូមារូបនេះជាតួឯកនោះ ក៏បានចេញមុខមកបង្ហោះសារមួយធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក លៀក លីដា បានរៀបរាប់ជាភាសាអង់គ្លេសថា ៖ «Miracle will happen in January 4th, hope to see you in new year, god blessing you» ដោយមានន័យជាភាសាខ្មែរថា ៖ «អព្ភូតហេតុ នឹងកើតឡើងនៅថ្ងៃទី ៤ ខែមករា សង្ឃឹមថានឹងជួបអ្នកនៅឆ្នាំថ្មី! ព្រះប្រទានពរអ្នក»។ សារខាងលើនេះដែរ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលទៅខមមិន និង សង្ឃឹមដូចនឹងលោក លៀក លីដា ផងដែរ៕