ឆន ស្រីណេត ពោលទាំងអួលអាក់ ពេលយុវតីម្នាក់តស៊ូអង្គុយរទះរុញទាំងរបួសជើង ទៅប្រឡងបាក់ឌុប
រូបភាពក្មេងស្រីអង្គុយលើរទេះរុញដែលជាបេក្ខភាពប្រឡងបាក់ឌុបឆ្នាំ ២០២១ នេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកតៗគ្នាពេញបណ្ដាញសង្គម ដោយមហាជនជាច្រើនមានក្ដីអាណិតអាសូរចំពោះយុវតីរូបនេះផង មួយចំនួនបាននាំគ្នាបញ្ចេញយោបល់កោតសរសើរចំពោះទឹកចិត្តតស៊ូរបស់នាងផង ដែលខិតខំប្រឹងប្រែងមកប្រឡងដើម្បីអនាគតបែបនេះ។
ក្រោយឃើញការតស៊ូរបស់យុវតីខាងលើ កញ្ញា ឆន ស្រីណេត ដែលមហាជនស្គាល់ច្បាស់ជាជ័យលាភីរងទី ១ ក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe Cambodia 2021 បានបង្ហាញអារម្មណ៍ក្រៀមក្រំនឹកដល់អតីតកាលរបស់ខ្លួនដែលធ្លាប់ឆ្លងកាត់ជីវិតអង្គុយលើរទេះរុញនេះដូចគ្នា។ ស្រីណេត បានចែករំលែករូបថតយុវតីដែលជាបេក្ខភាពបាក់ឌុបរូបនេះ ព្រមទាំងបញ្ចេញអារម្មណ៍ពិតតាមរយៈ Caption យ៉ាងខ្លីថា «នឹកឃើញខ្លួនឯង»។
ជាការពិត សម្រាប់ប្រិយមិត្តដែលចូលចិត្តតាមដានវិស័យបវរកញ្ញាប្រាកដជាបានជ្រាបពីប្រវត្តិខ្លះៗរបស់កញ្ញា ឆន ស្រីណេត មិនខាន ដែលនាងធ្លាប់កើតជំងឺមហារីក និង ឆ្លងកាត់ជីវិតពឹងផ្អែកលើរទេះរុញ តែនាងមិនបោះបង់ខ្លួនឯងចោលប្រឹងតស៊ូរហូតអាចក្រោកឈរជាថ្មីម្ដងទៀត៕