វ៉ាវ! ស្អាតប្រណីត បង្កប់អត្ថន័យអស្ចារ្យ នេះហើយជាមកុដថ្មី សម្រាប់បំពាក់លើ MUC 2022
កម្មវិធី Miss Universe Cambodia 2021 ទើបតែបានបញ្ចប់ទៅរយៈពេលប្រមាណជាង ១ ខែហើយ ដោយម្ចាស់មកុដឆ្នាំនេះ កញ្ញា ងិន ម៉ារ៉ាឌី ក៏បានទៅចូលរួមប្រកួតតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតកម្មវិធី Miss Universe 2021 កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ព្រមទាំងបានវិលត្រឡប់មកកាន់មាតុប្រទេសវិញដែរ កាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ។
យ៉ាងណាមិញ ក្រោយការប្រកួត Miss Universe 2021 បានបញ្ចប់ទៅយ៉ាងរលូនហើយនោះ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ផេកផ្លូវការ Miss Universe Cambodia ក៏បានបង្ហោះនូវរូបគំរូមកុដ Miss Universe Cambodia ថ្មី ដែលនឹងច្នៃឡើងដោយមានការឧបត្ថម្ភពីហាងពេជ្រ CSNJ។
ចំពោះមកុដដែលនឹងច្នៃឡើងសម្រាប់បំពាក់លើម្ចាស់ជ័យលាភី Miss Universe Cambodia បន្ទាប់នេះ បើទោះជាមិនទាន់បានបញ្ជាក់តម្លៃក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលរូបរាងនៃមកុដវិញ គឺពិតជាស្រស់ស្អាតចាំងចែងណាស់ ព្រោះបើមើលតាមរូបគំរូនេះ គេឃើញមានការច្នៃម៉ូដយ៉ាងប្រណីត មានដាំត្បូងរំលេចជាច្រើគ្រាប់ទៀតផង។ លើសពីនោះ មកុដនេះដែរ គឺបានរៀបចំឡើងដោយធ្វើតាមភាពអស្ចារ្យរបស់មកុដព្រះនាងឥន្ទ្រទេវី និង មានអត្ថន័យនៃពិសេសជ្រាលជ្រៅណាស់។
បើតាមផេក Miss Universe Cambodia បានឱ្យដឹងពីអត្ថន័យថា ៖ «សម័យបុរាណ៖ អរិយធម៌ខ្មែរ ដ៏អស្ចារ្យបាននាំមកនូវការអប់រំ សុខភាព ស្មារតី និង ចំណេះដឹងដល់មហាជនក្នុងសតវត្សរ៍ទី ១២ នៅអាស៊ីអាគ្នេយ៍។ មហាក្សត្រិយានីពីរអង្គ ដែលជាអគ្គមហេសីនៃ ព្រះបាទជ័យវរ្ម័នទី ៧ បានដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និង ជោគជ័យរបស់មហានគរ។ ព្រះនាងឥន្ទ្រទេវី បានជះឥទ្ធិពលលើកិច្ចការរដ្ឋ តាមរយៈព្រះស្វាមីរបស់ព្រះអង្គ ជាពិសេសចំពោះព្រះពុទ្ធសាសនា។ ព្រះនាងក៏ជាកវីនិពន្ធដ៏សកម្ម និង ជាសាស្រ្តាចារ្យផងដែរ។
សហស្សវត្សរ៍ថ្មី៖ ឥឡូវនេះ ក្នុងសម័យទំនើបនេះ យុវនារីកម្ពុជាត្រូវបានបំផុសគំនិត ផ្តល់អំណាច និង ទទួលឥទ្ធិពលពីអរិយធម៌ពីអតីតកាល។ ដើម្បីអបអរសាទរភាពស្រស់ស្អាត ភាពទាក់ទាញ និង ឆើតឆាយ បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងដោយធ្វើតាមភាពអស្ចារ្យរបស់មកុដ ព្រះនាងឥន្ទ្រទេវី ដែលបង្ហាញពីអំណាច និង កិត្យានុភាពរបស់នារីខ្មែរតាំងពីអតីតកាល និង បច្ចុប្បន្នកាល។ មកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២២ រចនាដោយ CSN J Samnang Jewelry!»៕