សុខ រក្សា ប្រើពាក្យស្វីតខ្លាំងនេះទៅ កុល ដាវី កំពុងពពោះកូនស្រីដំបូងជិតគ្រប់ខែ
នៅខ្វះប្រមាណតែជាង ១ ខែទៀតប៉ុណ្ណោះ តារាសម្ដែង កុល ដាវី និង ស្វាមីសំណព្វចិត្ត គឺលោក សុខ រក្សា នឹងបានជួបមុខកូនស្រីដែលជាតំណក់ឈាមដំបូងក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ ដោយប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ បានទន្ទឹងរង់ចាំយ៉ាងអន្ទះសាចង់ឃើញមុខកូនស្រីរបស់ពួកគេមិនស្ទើរឡើយ។
ខណៈភរិយាជាទីស្រឡាញ់កំពុងមានផ្ទៃពោះជាព្រះនាងតូចជិតដល់ថ្ងៃសម្រាល សុខ រក្សា កាន់តែថ្នាក់ថ្នម យកចិត្តទុកដាក់ មើលថែ កុល ដាវី ទ្វេដង ព្រោះដូចប្រិយមិត្តមួយចំនួនបានជ្រាបហើយថា មុខគ្រួសារតារាមួយគូនេះមានក្ដីសុខនឹងត្រៀមទទួលតំណក់ឈាមនេះ ប្ដីប្រពន្ធអ្នកទាំងពីរធ្លាប់ជួបរឿងឈឺចាប់បាត់បង់កូនក្នុងផ្ទៃម្ដងរួចទៅហើយ។
លើសពីការយកចិត្តទុកដាក់មើលថែប្រពន្ធ សុខ រក្សា នៅប្រើពាក្យសម្ដីផ្អែមល្ហែមខ្លាំងដាក់ កុល ដាវី ខណៈនាងកំពុងពពោះកូនស្រីឱ្យលោកថា ៖ «ពេលអូនមានផ្ទៃពោះកូនស្រីចឹងទៅ រឹតតែគួរឱ្យស្រឡាញ់ខ្លាំងណាស់»។
ដ្បិតថានេះគ្រាន់តែជាពាក្យមួយប្រយោគយ៉ាងខ្លី តែវាមានអត្ថន័យខ្លាំងដែលប្រពន្ធគ្រប់រូបចង់ឮពីមាត់ស្វាមី ជាពិសេសសម្រាប់ស្រ្តីកំពុងមានផ្ទៃពោះដូចតារាសម្ដែង កុល ដាវី សប្បាយចិត្ត ដោយនាងបានតបទៅវិញយ៉ាងមានក្ដីសុខថា ៖ «ចេះបញ្ជោរប្រពន្ធទៀតប្ដីសម្លាញ់»៕