(វីដេអូ) ក្រោយ Anchilee ធ្លាក់ Top កំពូល ស្រាប់តែអតីត Miss Grand Thai 2017 ដាក់ផាំងៗឡើងចាស់ដៃបែបនេះ
ដូចប្រិយមិត្តបានដឹងហើយថានាឆ្នាំនេះ បវរកញ្ញាចក្រវាលមកពីប្រទេសថៃនាង Anchilee Scott Kemmis គឺពុំទទួលបានឱកាសចូលក្នុង Top ណាមួយនោះឡើយ ដែលនេះខុសពីការរំពឹងទុករបស់អ្នកគាំទ្រថានាងអាចនឹងដណ្ដើមកកុដជាលើកទី ៣ មកកាន់ប្រទេសថៃវិញ។
ជាមួយនឹងការបាត់បង់ឱកាសមាសនៃការគ្រងមកុដនេះ បានធ្វើឱ្យមហាជនថៃមានការខកចិត្ត និង សោកស្ដាយជាខ្លាំង ព្រោះមិននឹកស្មានថាសូម្បីវគ្គ Top ១៦ ក៏នាងមិនអាចឈានជើងចូលបានដែរ។ ជុំវិញរឿងនេះបានធ្វើឱ្យអ្នកគាំទ្របវរកញ្ញារូបនេះហាក់មិនអស់ចិត្ត ហើយក៏មានការវិភាគវែកញែកផ្សេងៗពេញបណ្ដាញសង្គម។
ដូចគ្នានោះ ងាកទៅមើលអតីតបវរកញ្ញា Miss Grand Thailand 2017 នាង Premika Pamela បន្ទាប់ពី Anchilee មិនបានចូល Top ក៏បានចេញមកសម្ដែងការយល់ឃើញរបស់ខ្លួនទៅលើកម្មវិធីប្រកួតឆ្នាំនេះដោយ និយាយផាំងៗថា ៖ «ការប្រកួតបវរកញ្ញាគឺត្រូវមានស្តង់ដាររបស់គេ ហើយប្រសិនបើលើកយកទស្សនៈ Real Size Beauty យកទៅបង្ហាញវាប្រៀបបីដូចការមើលងាយទៅកាន់អ្នកដែលមានទម្លាប់ល្អក្នុងការថែសុខភាពអ៊ីចឹង។ ហើយសម្រាប់ការបរិភោគច្រើន ញ៉ាំអាហារដែលគ្មានប្រយោជន៍ រាងកាយនឹងមិនអាចទទួលយកបានភ្លាមៗទេនៅទម្លាប់ទាំងនេះ ដូចនេះបើស្លៀកពាក់មិនឃើញស្អាត សូមកុំបន្ទោសទៅលើឈុតអី ពីព្រោះថាឈុតរាត្រីដែលគ្រងនោះវាស្រស់ស្អាតខ្លាំងណាស់»។
លើសពីនោះនាងក៏បានបន្តថា ៖ «គួរតែកុំយកប្រធានបទ Real Size Beauty ទៅបង្ហាញលើវេទិកាប្រកួត ពីព្រោះប្រធានបទនេះអាចនាំឱ្យអ្នកមួយចំនួនដែលមានរបបអាហារមិនត្រឹមត្រូវហើយ ធាត់ មិនចេះកែប្រែខ្លួនឯង ដោយយល់ស្របទៅលើប្រធានបទនេះ ហើយក៏ខ្ជិលនឹងផ្លាស់ប្តូរខ្លួនឯង ពីព្រោះការដែលមានរូបរាងធាត់វាពុំមែនជារឿងល្អប៉ុន្មាននោះដែរ។ ក្នុងនាមខ្ញុំជាអ្នកគាំទ្រ ខ្ញុំនៅតែបន្តគាំទ្របវរកញ្ញាថៃ ហើយឱកាសក្រោយៗ សង្ឃឹមថាថៃនឹងទទួលបានមកុដ Miss Universe»។
ជាមួយនឹងការបញ្ចេញមតិ និង ការយល់ឃើញរបស់នាងបែបនេះ ក៏ព្រោះតែឆ្នាំនេះ បវរកញ្ញាថៃបាននាំយកប្រធានបទ Real Size Beauty ទៅលើឆាកប្រកួតដូចនេះ វាហាក់បីដូចជាផ្ទុយទៅនឹងកម្មវិធីដែលគេប្រកួតសម្រស់ស្វែងរកបេក្ខភាពដែលស្រស់ស្អាត៕