ទម្លាយឈុត Final Gown ងិន ម៉ារ៉ាឌី គ្រងលើឆាក MU ស្អាតអស់ទាស់ បង្កប់អត្ថន័យយ៉ាងអស្ចារ្យ
នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ កាលបរិច្ឆេទនៅក្នុងប្រទេសកម្ពុជា កម្មវិធី Miss Universe 2021 បានស្វែងរកម្ចាស់មកុដជ័យលាភីឃើញហើយ ដោយបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា។
យ៉ាងណាមិញ បវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បើទោះជានាងមិនបានឈានទៅដល់ Top 16 តែ Miss Universe Cambodia 2021 រូបនេះ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាពេញចិត្ត និង មានមោទកភាពយ៉ាងខ្លាំងលើរូបនាង ដែលបានតំណាងឱ្យប្រទេសក្នុងការប្រកួតលើកនេះ។
ដោយឡែក ក្រឡេកមើលវគ្គផ្តាច់ព្រ័ត្រនៃការប្រកាសលទ្ធផលជ័យលាភី បើទោះជាមិនមែនជាបវរកញ្ញាកម្ពុជាក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងខ្លាំងនូវឈុតរាត្រីសមោសរចុងក្រោយ ពោលគឺ Final Gown ដែលកញ្ញា ងិន ម៉ារ៉ាឌី បានគ្រងដើម្បីអបអរដល់ម្ចាស់ជ័យលាភី។
ឈុតនោះដែរ បើទោះជាមិនបានបង្ហាញពេញលេញលើឆាក MU 2021 ក្នុងដំណើរការនៃការចាក់ផ្សាយបន្តផ្ទាល់ក៏ពិតមែន ប៉ុន្តែ កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើឱ្យអ្នកគាំទ្រកម្ពុជា ពោលថានាងពិតជាស័ក្តិសមជា Queen តំណាងការប្រកួតលើឆាកអន្តរជាតិក្នុងឆ្នាំនេះយ៉ាងខ្លាំង។
គួរឱ្យដឹងថា ឈុត Final Gown ដោយមានការច្នៃម៉ូដ និង កាត់ដោយ Daro Tailor នោះដែរ មានឈ្មោះថា «ឈុតស្លឹកឈើក្រៀម» ដែលអត្ថន័យនៃស្លឹកឈើស្រស់តំណាងឱ្យភាពលូតលាស់ស្រស់ស្អាត ស្លឹកក្រៀមតំណាងឱ្យភាពជាប់បានយូរ និង អមតៈ។ អត្ថន័យនេះ វាប្រៀបបានទៅនឹងស្រ្តីដែលមានក្តីស្រមៃ បើទោះបីជាវាមានពណ៌ក្រៀមស្វិត តែវានៅតែរក្សាតម្លៃ រូបរាង និង ភាពស្រស់ស្អាតតាមបែបផែនរបស់វា៕