ធ្លាយសាររំជួលចិត្តមួយរវាង ងិន ម៉ារ៉ាឌី និង អ្នកគ្រប់គ្រង MUC ក្រោយរបូតឱកាសដណ្ដើមមកុដ
នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នេះ កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក Miss Universe 2021 បានរកឃើញរាជិនិគ្រងមកុដហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា។
យ៉ាងណាមិញ ទន្ទឹមនឹងសំឡេងអបអរសាទរដល់ម្ចាស់ជ័យលាភីគ្រងមកុដថ្មីថ្មោង ក្នុងនោះក៏មានការសោកស្ដាយយ៉ាងខ្លាំងចំពោះកញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជា ដែលគ្មានឱកាសចូលដល់វគ្គ ១៦ នាក់ចុងក្រោយ ឬ Top 16 បាន ខណៈនាងបានប្រឹងប្រែងអស់ពីសមត្ថភាពទៅហើយក្នុងវគ្គប្រកួតកន្លងមក។
ខណៈមិនអាចដណ្ដើមជ័យលាភីជូនប្រជាជនកម្ពុជាបាន ងិន ម៉ារ៉ាឌី បានផ្ញើសារផ្ទាល់ខ្លួនទៅសុំទោសលោក ម៉ែន និមលរ័ត្ន ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia ដែលខ្លួនមិនអាចចូលដល់វគ្គ Top 16 បាន ធ្វើឱ្យមហាជនឃើញហើយរំជួលចិត្តមិនស្ទើរនោះទេ ព្រោះបើទោះបី ម៉ារ៉ាឌី គ្មានឱកាសចូលដល់វគ្គ Top 16 តែអ្នកគាំទ្រនៅតែមានមោទកភាពចំពោះគ្នាយ៉ាងខ្លាំងដែលបានខិតខំប្រឹងប្រែងដើម្បីមុខមាត់ប្រទេសកម្ពុជា។
អ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia លោក ម៉ែន និមលរ័ត្ន បានទម្លាយសារដែល ម៉ារ៉ាឌី ផ្ញើមកសុំទោស ហើយក្នុងនោះលោកថែមទាំងបានរៀបរាប់ប្រកបដោយក្ដីស្រឡាញ់ថា ៖ «ក្មេងតូចអើយ! បងដឹងថាអូនហត់ខ្លាំងណាស់ហើយ ហើយទាំងអស់គ្នានៅកម្ពុជានៅតែស្រឡាញ់អូនជានិច្ច ហើយការដែលព្យាយាមបំពេញតួនាទីតំណាងប្រទេស ជាកាតព្វកិច្ច និង សម្ពាធដ៏ធំធេងសម្រាប់អូនរួចទៅហើយ We love you»៕