ខែកត្ដិកផង! ខេម លេងពួយពោលពាក្យនេះដាក់គូដណ្តឹង សង្ស័យមិនយូរទេដំណឹងល្អមកដល់ហើយ
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជាង ១០ ឆ្នាំមកហើយ ដែលតារាចម្រៀង ខេម មានម្ចាស់បេះដូង ដោយបានប្តូរងារពីសង្សារ ទៅជាគូដណ្តឹងរួចរាល់ហើយដែរ។
ក្នុងនោះ ចាប់តាំងពីធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង និង ត្រឡប់មកវិញ តារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ ស៊ីណាវ៉ត់ត្រា ក៏កាន់តែបើកចំហពីទំនាក់ទំនងរបស់ខ្លួន និង គូដណ្តឹងជាសាធារណៈ ដោយគេរមែងឃើញលោកនាំនាងទៅណាមកណាជាមួយគ្រប់ពេល មិនថាកម្មវិធីតូចធំនោះឡើយ។
យ៉ាងណាមិញ នៅយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ លោក ខេម ស្រាប់តែបង្ហាញរូបភាពឱបយ៉ាងស្អិតល្មួតនឹងគូដណ្តឹង ព្រមទាំងពោលពាក្យយ៉ាងផ្អែមល្ហែម និង មានន័យដល់គូដណ្តឹងរបស់ខ្លួនថា ៖ «អរគុណគ្រប់យ៉ាង ដែលបានចូលមកក្នុងជីវិតខ្ញុំ»។
សារនោះរបស់លោក ខេម បើទោះជាខ្លីក៏ពិតមែន ប៉ុន្តែធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលទៅខមមិនច្រណែននឹងជីវិតគូរបស់លោក ព្រមទាំងខ្លះបានចំអន់លេងថា ខែកត្ដិកផង លោក ខេម ពោលពាក្យស្វីតៗបែបនេះសង្ស័យនឹងមានដំណឹងល្អជាក់ជាមិនខាន៕