ផុសរូបចំថ្ងៃកំណើតកូនប្រុសឆ្នាំនេះ ស៊ុក សុភា ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងលើ ២ ចំណុចនេះ
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ១ ខែហើយ ដែលអតីតតារាសម្តែង ស៊ុក សុភា បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ក្រោយរៀបការសាងគ្រួសារចាកចេញទៅរស់នៅឯប្រទេសអូស្ត្រាលីជាង ១០ ឆ្នាំនោះ។
ក្នុងនោះ ការវិលមកកាន់ប្រទេសកម្ពុជាវិញ ដែលចាកឆ្ងាយពីកូនៗទាំង ៥ ជាទីស្រឡាញ់នៅអូស្ត្រាលី លើកនេះ មិនទាន់ដឹងច្បាស់ថា អតីតតារាសម្ដែងរូបនេះ មករស់នៅ ឬ មកកម្សាន្តយ៉ាងណានោះទេ ដោយមហាជនបានត្រឹមដឹងថាលោកវិលត្រឡប់មកវិញម្តងនេះ ក្រោយពីភរិយាប្រកាសលែងលះគ្នានឹងលោកបានជាង ៣ ខែ។
ម៉្យាងវិញទៀត ក្រោយមកដល់ទឹកដីខ្មែរវិញលើកនេះ គេបានឃើញថា លោក ស៊ុក សុភា បានចំណាយពេលធ្វើដំណើរកម្សាន្ត ជួបជុំគ្រួសារ បងប្អូន ទៅកាន់តំបន់រមណីយដ្ឋានតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេស ហាក់ធ្វើការរំសាយអារម្មណ៍ពីទុក្ខកង្វល់ទាំងឡាយរបស់លោក។
ដោយឡែកអ្វីកាន់តែចាប់អារម្មណ៍ទៀត ក្រោយស្ពាយឈ្មោះពោះម៉ាយ និង ឆ្ងាយកូនៗមកទឹកដីកម្ពុជា ជាង ១ ខែមកនេះ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ លោក ស៊ុក សុភា បានបង្ហោះរូបភាពនៅថ្ងៃកំណើតកូនប្រុសកាលពីឆ្នាំទៅ ដើម្បីអបអរថ្ងៃកំណើតឆ្នាំថ្មីដល់កូនប្រុសពៅ របស់លោក ដោយលោកហាក់បង្ហាញពីចិត្តនឹករឮកកូន និងគ្រួសារកាលពីមុនផងដែរ។
ក្នុងនោះ អតីតតារាសម្ដែង លោក ស៊ុក សុភា បានពោលពាក្យប៉ុន្មានម៉ាត់ថា ៖«រីករាយថ្ងៃកំណើតកូនប្រុសមាសឪពុក រូបថតឆ្នាំមុន ផុសឆ្នាំនេះ ឆ្នាំនេះចាំរង់ចាំមើលឆ្នាំក្រោយទៀត» ដោយធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នឹងឃ្លាមួយនេះ ព្រមទាំងរូបថតជុំគ្រួសារមួយសន្លឹកដោយមានទាំងភរិយាផងនោះ។ ការចាប់ភ្លឹក នឹកដល់ឃ្លា និង សារខាងលើនេះ អ្នកគាំទ្រយល់ថា លោក ស៊ុក សុភា ហាក់នៅនឹកស្រឡាញ់ ភរិយា ដូចដើម ហើយលោកអាចសង្ឃឹមថា ថ្ងៃណាមួយនឹងបានជួបជុំក្រុមគ្រួសារឡើងវិញ។
លើសពីនោះ បើការផុសនេះបានរំលងហួសអស់រយៈពេលច្រើនថ្ងៃក្តី តែអ្នកគាំទ្រនៅតែបានចូលទៅខមមិនលើរូបថតជួបជុំកូនៗទាំង ៥ និង ភរិយារបស់លោក ស៊ុក សុភាថា «Beautiful Family»៕