អ្នកគាំទ្រខ្លះកូនពីរបីហើយ! តស់មកដឹងអាថ៌កំបាំងទាំង ១០ ក្នុងរឿង «វីរនារីទាំង ៣» ល្បីជាង ២ ទសវត្សរ៍
អស់រយៈពេលជាង ២០ ឆ្នាំទៅហើយ ដែលគំនូរជីវចលរឿង «វីរនារីទាំង ៣» បានចាប់កំណើតគិតចាប់តាំងពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ននេះ។ អាចមានមនុស្សមិនច្រើនទេដែលនៅចាំ ឬក៏អ្នកខ្លះបានរៀបការមានក្រុមគ្រួសារអស់ទៅហើយ ហេតុដូចនេះដើម្បីកុំឱ្យបាត់ទៅគ្មានស្រមោល អេដមីន សុំរំឭកការចងចាំឡើងវិញខ្លះៗ ពីចំណុចសំខាន់ៗទាំង របស់រឿង «វីរនារីទាំង ៣» ៖
១. រឿង «វីរនារីទាំង ៣» មានចំណងជើងផ្លូវការទូទាំងសាកលលោកគឺ «Totally Spies» ដោយមានតួអង្គ វីរនារីសំខាន់ៗ ក្នុងរឿងនេះគឺ «អាឡិច/Alex» «សេម/Sam» និង «ក្លូវើរ/Clover»។ ពួកគេទាំង ៣ នាក់ជាគូកនមិត្តចិត្តមួយថ្លើមមួយ ជាស្នាមញញឹមនៃនារីដែលដើរជាក្រុម ៣ នាក់ នៅសាលាជាមួយគ្នា ហាត់រៀនយុទ្ធគុនគ្រូតែមួយ។
រសនិយមអ្នកទាំង ៣ ស្ទើរតែដូចគ្នាមិនថាការ Shopping ប្រេនៗ ញុំាអាហារ ឬ ការដើរលម្ហែ និង ចិញ្ចឹមសត្វ ណាស់តែ ក្លូវើ មួយជ្រើមខុសគេបន្តិច និយាយពីឃើញប្រុសស្អាតសង្ហា សាច់ដុំម្ដងៗ ថាចាប់អត់ចង់ជាប់ ក្រុមកីឡាករបាល់បោះ បាល់ទះ អត្តពលិក ប្រចាំសាលា នរណាឈ្មោះអី មានសង្សារនៅ ឱ្យតែសង្ហា ស្រីស្អាត ក្លូវើ ស៊ើបប្រវត្តិរូប ចេញមកខ្ទេចបែកម៉ាំជាតារាង ប្រភេទក្រុមឈាមទៀត រហូតក្លាយជាជំនាញក្រុមចារនារី។
២. រឿងនេះចាក់ផ្សាយដំបូងគេនៅប៉ុស្តិ៍ ABC នៅក្នុងឆ្នាំ ២០០១ ចែកចាយដោយ Walt Disney ហើយត្រូវបាន Cartoon NETWORK ទិញសិទ្ធិចាក់បញ្ចាំង បច្ចុប្បន្នយើងអាចរកមើលបាននៅក្នុង Netflix ដោយចែកជា៖
– ៦ រដូវកាល
– ១ រដូវកាល មាន ២៦ ភាគ
– ១ ភាគ មានរយៈពេលជាមធ្យម ២២ នាទី
– សរុបមាន ១៥៦ ភាគ ឬ ១៥៦ Episodes។
៣. អ្នកដែលនិយាយប៉ារ៉ូលមុនគេក្នុងភាគដំបូងគឺ Clover ។ បាវចនាប្រចាំក្រុមរបស់វីរនារីទាំង ៣ គឺ «ចារនារីក្លាហានរួមគ្នា ពលីការពារភពផែនដី នារីចិត្តឆៅវ័យក្មេងទាំង ៣ មិនខ្លាចមេឃ មិនខ្លាចដី ខ្លាចតែម្យ៉ាងគឺ ប្រឡងធ្លាក់ និង បាក់ក្រចក»។
៤. Totally Spies ឬ ចារនារីកប់សារី ដែលយើងនិយមហៅ «វីរនារីទាំង ៣» គឺជាខ្សែភាពយន្តគំនូរជីវចល ផលិតដោយក្រុមហ៊ុនកូនកាត់ ជាកិច្ចសហការពីក្រុមហ៊ុននៃប្រទេស ២ គឺ បារាំង និង កាណាដា។ វាជាមូលហេតុយើងឮរឿងនេះពេលខ្លះនិយាយបារាំង ពេលខ្លះនិយាយអង់គ្លេស និង ពេលខ្លះនិយាយខ្មែរ (បញ្ចូលសំឡេង)។
៥. ស្ថាប័នសម្ងាត់ដែលនារីទាំង ៣ ធ្វើការក្រៅម៉ោងនោះមានឈ្មោះថា «WOOHP» អានមួយភ្លែតអាចច្រឡំថាអាចម៍គោ តែមិនមែនទេ វាជាពាក្យកាត់ ដែលពាក្យពេញគឺ «World Organization Of Human Protection» ប្រែថា «អង្គការពិភពលោកការពារមនុស្សលោក»។
៦. ដើមកំណើតនៃខ្សែរឿងនេះគឺ អ្នកនិពន្ធស្រមៃចេញពីក្រុមតារាចម្រៀងស្រី ដែលមានប្រជាប្រិយភាពកប់សារី មានឈ្មោះថា Girl Group ឬ Girl Band ហើយក្រុម មានគ្នា ៣ នាក់ ដែលល្បីខ្លាំងទសវត្សរ៍ឆ្នាំ ៦០ គឺបទ «ក្រមុំទាំងបីជួបគ្នា»។ FYI៖ «អ្នកប្រហែលធ្លាប់ឃើញឈុតបើកក្បាល វីរនារីទាំង ៣ លេងតន្ត្រី មានស្គរ និង ដៃបាស ដែលតំណាងឱ្យក្រុមនោះ»។
៧. សាច់រឿងថ្លែងពីក្រមុំយេយេទាំង ៣ យុវតីសិស្សវិទ្យាល័យ Beverly Hills ឬ សាលាទួលស្វាយព្រៃ ទីតាំងស្ថិតនៅកាលីតេនញ៉ា (California) សហរដ្ឋអាមេរិក។ ពួកគេមានបេសកកម្មបង្កប់ខ្លួនជា ចារនារីសម្ងាត់ ធ្វើដំណើរជុំវិញពិភពលោក ដែលជាសុបិនដើររហិចរហាចរបស់ពួកនាង ហើយក៏ជាឧប្បនិស្ស័យទិញទំនិញប្រេនៗ ជាមួយនឹងដំណើរបេសកកម្ម ប្រឈមមុខជាមួយ តួអាក្រក់ៗជាច្រើន ដែលបង្កភាពវឹកវរដល់អាយុជីវិតភពផែនដី និង មនុស្សលោក។
៨. ដោយការសហការគ្នានៃក្រុមនារីទាំង ៣ ជាមួយនឹងឈុតឆាកក្រមិចក្រមើម វាយប្រហារ តតាំងដោយឧបករណ៍ប្រល័យលោក gadgets ច្នៃចេញជាគ្រឿង ម៉ាកាយ៉េ សាណាប់សានុន (ឧបត្ថម្ភ) ដោយសាស្ត្រាចារ្យ Jerry ដែលភាគច្រើនយើងតែងឃើញចុងបញ្ចប់នៃបេសកកម្ម ជនអាក្រក់រមែងត្រូវបានវែកមុខបកអាក្រាត ដោយថ្វីដៃស្រីឆ្នាស់ទាំងបី យ៉ាងជោគជ័យ និង ជោកជាំ គួរជាទីមោទក!
៩. «Totally Spies» ឃើញនិយាយពីចារនារីអ៊ីចឹងទេ តែអ្នកបង្កើតសាច់រឿងនេះឡើងសុទ្ធតែប្រុសគឺ លោក វិនសិន និង លោក ដេវីដ (Vincent Chalvon-Demersay និង David Michel)។
១០. សត្រូវស្លាប់រស់របស់ពួកគេនៅក្នុងសាលាទួលស្វាយព្រៃ គឺ MANDY នារីដែលស្លាប់មិនចោលឈ្មោះរស់មិនចោលពណ៌ស្វាយ ជាតួជ្រៀតជ្រែក និង ជាកូនអភិជនមានជាងគេក្នុងទីក្រុង រសនិយមជះលុយទាក់ប្រុស ជាសត្រូវស្លាប់រស់របស់ Clover ថាក្រាស់ប៉ះប្រុសតែ ១ រហូត ចៃដន្យនោះចៃដន្យ។
នាង Mandy ជាសត្រូវលេខមួយ ជា Anti hero ស្តង់ដាតួឈ្នានីស Level កាឡី ០០៩ ដែលរមែងដើរចូល តតាំងឡកឡាយនឹងសង្គ្រាមពាក្យសម្តី គ្មានចន្លោះវគ្គ ជាពិសេសជាមួយ ក្លូវើ ហ្នឹងតែម្តង! ក្លូវើ ហៅ មេនឌីថា «នាងប្រជ្រុយមួយជីវិត»៕
ប្រភព៖ វិភាគកុន : Academic Film Criticism