ទាំងនេះអាចជាមូលហេតុដែល G-Dragon ចូលចិត្តរស់នៅផ្ទះតម្លៃរាប់លានដុល្លារ
បុរសកំពូលសង្ហា G-Dragon ត្រូវបានគេដឹងថា លោកធ្លាប់ជាប់ចំណាត់ថ្នាក់ទី ៥ លើតារាងរបស់តារាប្រុសស្រីដែលមានកន្លែងស្នាក់នៅមានតម្លៃថ្លៃប្រណីតបំផុត ដោយកន្លែងស្នាក់នៅរបស់លោកស្ថិតនៅអគារ Nine One មានទីតាំងនៅ Hannam-dong, YongSan-gu ដែលគេល្បីថាជាតំបន់អ្នកមានប្រចាំទីក្រុងសេអ៊ូលនោះ។
ដោយឡែក កន្លែងស្នាក់នៅ (Penthouse) ដ៏ទំនើបស៊ីវីល័យរបស់តារាប្រុសរូបនេះ មានតម្លៃរហូតដល់ជាង ៧.៥ លានដុល្លារឯណោះ លើសពីនេះទៅទៀតគ្រាន់តែថ្លៃសេវាថែទាំទូទៅនៅអគារនោះប្រចាំឆ្នាំគឺជាង ១០ ០០០ ដុល្លារទៅហើយ។
យ៉ាងណាមិញ កន្លែងស្នាក់នៅតម្លៃរាប់លានដុល្លារមួយនេះ ពិតជាមានចំណុចទាក់ទាញមួយចំនួនហើយ ទើបប្រុសស្អាត G-Dragon ជាប់ចិត្តប្រើប្រាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួននៅទីនោះដូច្នេះ។
តាមព័ត៌មានបានឱ្យដឹងថា G-Dragon បានជ្រើសរើសកន្លែងស្នាក់នៅនេះ ដោយសារក្រៅពីមានទេសភាពគួរឱ្យត្រជាក់ចិត្ត និង ស្ថិតនៅទីប្រជុំជនហើយនោះ គឺវាមានផ្តល់ឱ្យនូវការការពារ និង ឯកជនភាពបានយ៉ាងល្អតែម្តង សម្រាប់កំពូលតារាដូចជាលោក។
ក្នុងនោះ វាមានផ្តល់ឱ្យនូវកន្លែងចតឡានផ្ទាល់ខ្លួន និង ជណ្តើរយន្តផ្ទាល់ខ្លួនសម្រាប់អ្នកដែលស្នាក់នៅ ជាពិសេសនៅទីនោះមានសេវាកម្មអាហារពេលព្រឹកដែលចម្អិនដោយកំពូលចុងភៅល្បីៗ ព្រមទាំងមានកន្លែងកម្សាន្តនានាជាច្រើន ដែលរួមមានទីលានបាល់បោះ និង ទីលានវាយកូនហ្គោលថែមទៀតផង៕