មិននឹកស្មាន ជាង ១០ ឆ្នាំមកនេះ Park Bom ត្រូវជួបរឿងអាស្រូវធំៗដល់ទៅ ៤
Park Bom តារាចម្រៀង និង ជាអតីតសមាជិកសំខាន់មួយរូបប្រចាំក្រុម 2NE1 ដែលបង្កើតឡើងដោយក្រុមហ៊ុន YG។ ក្រោយបំបែកក្រុមទៅអស់ជាច្រើនឆ្នាំ Park Bom បានវិលត្រឡប់ចូលពិភពចម្រៀង K-POP វិញក្នុងនាមជាអ្នកចម្រៀងទោលប្រចាំក្រុមហ៊ុន D-Nation។
យ៉ាងណាមិញលើវិថីសិល្បៈជាង ១៥ ឆ្នាំ របស់ Park Bom ហាក់ជួបព្យុះភ្លៀងមិនតិចឡើយ ដោយមានរឿងអាស្រូវជាច្រើនតាមលងបន្លាច ក្នុងនោះរឿងអាស្រូវធំៗរបស់នាងមានដូចជា ៖
១. ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់
ក្នុងឆ្នាំ ២០១៤ Park Bom បានធ្វើឱ្យបណ្តាសារព័ត៌មានប្រចាំកូរ៉េខាងត្បូងមានភាពមមាញឹក តាមដានរូបនាងជាខ្លាំង ក្រោយលេចចេញព័ត៌មានប្រើប្រាស់ថ្នាំខុសច្បាប់ បន្ទាប់ពីនាងបានចូលរួមជាសមាជិកក្នុងកម្មវិធី Roommate។ ដំណឺងប្រើប្រាស់ថ្នាំខុសច្បាប់របស់នាង ត្រូវបានគាស់កកាយរហូតក្លាយជាប្រធានបទដ៏ក្តៅគគុកប្រចាំឆ្នាំ ២០១៤។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ Yang Hyun Suk ដែលជាអតីតប្រធានក្រុមហ៊ុន YG ធ្លាប់បានចេញមុខបកស្រាយថា ថ្នាំដែលនាងប្រើប្រាស់គឺខុសច្បាប់នៅកូរ៉េ តែវាស្របច្បាប់នៅអាមេរិក ហើយ Park Bom ត្រូវបានស្ថិតក្នុងការស៊ើបសួរ និង ស៊ើបអង្កេតជាច្រើនសប្តាហ៍ជាប់គ្នា តែនាងមិនធ្លាប់បានទទួលពិន័យពីខាងផ្លូវច្បាប់នោះឡើយ។ ក្រោយមក Park Bom បានចាកចេញពីកម្មវិធី Roommate នៅក្នុងឆ្នាំដដែល ហើយបានផ្អាកសកម្មភាពសិល្បៈទាំងអស់។
២. ត្រូវគេចោទប្រកាន់ថានាងជាមូលហេតុដែលធ្វើឱ្យ 2NE1 រំសាយក្រុម
ក្រោយបាត់ខ្លួនអស់រយៈពេលជាង ១ ឆ្នាំ Park Bom បានលេចមុខម្តងទៀតនៅក្នុងកម្មវិធី MAMA ឆ្នាំ ២០១៥ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និង រំជើបរំជួល ជាខ្លាំងដល់អ្នកគាំទ្រ។ យ៉ាងណាមិញ ក្រោយមកក្រុមហ៊ុន YG បានប្រកាសរំសាយក្រុម 2NE1 ជាផ្លូវការនៅចុងឆ្នាំ ២០១៦។ ក្រោយមកនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៧ Park Bom បានប្រកាសថានាងបានបន្តកុងត្រាជាមួយក្រុមហ៊ុន និង កំពុងរៀបចំត្រឡប់មកវិញជាមួយចម្រៀងទោលថ្មី ក្រោយក្រុមហ៊ុនរងរបស់ YG គឺ The Black Label។
នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៧ ខាងក្រុមហ៊ុន YG បានចេញមុខច្រានចោលថាតារាស្រីរូបនេះមិនបានចុះកុងត្រាជាមួយក្រុមហ៊ុន ឬ ក្រុមហ៊ុនរងណាមួយទេ ដោយពួកគេបានបញ្ចប់កុងត្រាជាមួយនាងតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៦ មកម្ល៉េះ។
រឿងរ៉ាវចម្រូងចម្រាសទាំងនេះបានធ្វើឱ្យហ្វេនក្លឹប BLACKJACK និង អ្នកគាំទ្រជាច្រើននាក់ទៀតរបស់ 2NE1 បានខឹងយ៉ាងខ្លាំង ដោយភាគច្រើនបានចោទប្រកាន់ និង យល់ថានាងជាដើមហេតុដែលក្រុម 2NE1 ត្រូវរំសាយ។
៣. ពាក្យចចាមអារ៉ាមថា Park Bom មានទំនាស់ជាមួយ Minzy រហូតចេញពីក្រុម
មុនពេល 2NE1 បានបំបែកក្រុមមានពាក្យរសើបខ្សឹបខ្សៀវមួយ ដែលបាននិយាយថា Park Bom និង Minzy មានទំនាក់ទំនងមិនល្អជាមួយគ្នា ដោយចោទប្រកាន់ Bom ថាជាដើមហេតុដែលធ្វើឱ្យ Minzy ចេញពីក្រុមព្រោះតែរឿងអាស្រូវដ៏ធំរបស់នាង ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនមិនបានរៀបចំការ Comeback ឱ្យ 2NE1។
អស់រយៈពេលជាង ៤ ឆ្នាំរឿងនេះក៏ត្រូវបានស្រាយចម្ងល់មហាជន ក្រោយ Minzy បានផ្ញើវីដេអូលើកទឹកចិត្តដល់ Park Bom អំឡុងពេលនាងចូលរួមប្រកួតក្នុងកម្មវិធី Queendom ដោយបានបង្ហាញពីក្តីនឹករលឹក និង ការគាំទ្រចំពោះគ្នា រហូតស្រក់ទឹកភ្នែករៀងខ្លួន។
៤. ការកែសម្ផស្ស រហូតធ្វើឱ្យមុខមាត់ប្រែមើលលែងយល់
ក្រោយបាត់មុខអស់ជាង ២ ឆ្នាំ Park Bom បានវិលត្រឡប់ក្នុងពិភពតន្ត្រីវិញជាអ្នកចម្រៀងទោលប្រចាំ D-Nation។ ដោយការវិលត្រឡប់របស់នាងមានទាំងការគាំទ្រ និង មានទាំងការមិនពេញចិត្ត ដោយមនុស្សមួយចំនួនបានធ្វើការវាយប្រហារ Park Bom ជាថ្មីម្តងទៀត ក្រោយឃើញរូបរាង និង មុខមាត់ដែលប្លែកខុសពីមុន សឹងតែមើលមិនស្គាល់ ដោយមនុស្សមួយចំនួនមិនពេញចិត្តជាខ្លាំង ដែលនាងបានធ្វើការកែសម្ផស្សមុខមាត់របស់នាង ម្តងហើយម្តងទៀតបែបនេះ៕