Wang Yibo ជាប់ឈ្មោះជាស្តេចផ្សាយពាណិជ្ជកម្ម
កាលពីពេលថ្មីៗនេះ Wang Yibo ត្រូវបានគេចាត់ទុកជាតារាពហុជំនាញជំនាន់ថ្មី មានទាំងសមត្ថភាព និង មានស្ទីលទាន់សម័យ ហើយក៏ជាតារាប្រុស ដែលបានឈ្នះនូវពានរង្វាន់តារាសម្តែងដ៏មានប្រជាប្រិយបំផុត Golden Eagle Awards ឆ្នាំ ២០២០ (ជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់រឿងដ៏មានកិត្យានុភាពបំផុតទាំង ៣ របស់ប្រទេសចិន) ផងដែរ។
យ៉ាងណាមិញ តារាប្រុសកើតឆ្នាំ ១៩៩៧ រូបនេះ គឺមានប្រជាប្រិយភាព និង ភាពទាក់ទាញបំផុតក្នុងកម្មវិធីផ្សេងៗដែលមានវត្តមានរបស់លោកចូលរួមជាកិត្តិយស បន្ទាប់ពីមានភាពល្បីល្បាញខ្លាំងតាមរយៈរឿងភាគបុរាណ «The Untamed» កាលពីឆ្នាំ ២០១៩ ហើយកាន់តែរីកចម្រើនខ្លាំងឡើងក្នុងអាជីពរបស់លោក។
បច្ចុប្បន្ន តារាចម្រៀង និង សម្ដែងប្រុសវ័យក្មេងរូបនេះ ត្រូវបានគេស្គាល់ថាជាកំពូលតារាជំនាន់ថ្មី ទទួលបានកុងត្រាកិច្ចសន្យាផ្សាយពាណិជ្ជកម្មចំនួន ៤១ ក្នុងនោះមានផលិតផលជាង ១០ មុខ មានឈ្មោះ Wang Yibo ជាតំណាងសាកល។ រហូតឥឡូវនេះ លោកមានរហ័សនាមជា «ស្តេចនៃការផ្សាយពាណិជ្ជកម្ម» ក្នុងប្រទេសចិនថែមទៀតផង៕
ប្រភព៖ ZINGNEWS