ម៉ែខ្លាកូនខ្លាមែន! វ័យត្រឹម ៩ ឆ្នាំទេ តែកូនស្រី Beyoncé មានលុយចាយ ១០០ ឆ្នាំមិនអស់
បើនិយាយដល់កំពូលតារាចម្រៀង Beyoncé និង Jay-Z នរណាៗក៏ស្គាល់ដែរថា ជាតារាចម្រៀងលំដាប់មហាសេដ្ឋី ដែលទទួលស្គាល់ដោយទស្សនាវដ្តី Forbes។ ជាក់ស្ដែង ត្រឹមទ្រព្យសម្បត្តិ Jay-Z តែម្នាក់ឯង គឺមានរហូតដល់ជាង ១.៣ ពាន់លានដុល្លារទៅហើយ។
ដោយឡែក បើប្រឡេកទៅចាប់អារម្មណ៍កូនស្រីច្បងរបស់ពួកគេវិញ ក៏មានទេពកោសល្យខ្លាំងមិនចាញ់ឪពុកម្ដាយនាងដែរ។ Blue Ivy Carter អាចនិយាយបានថា មិនចាំបាច់ត្រូវការទឹកលុយរបស់ឪពុកម្ដាយនាង ដើម្បីក្លាយជាមហាសេដ្ឋីនោះឡើយ។ បើតាមសារព័ត៌មាន U.S.Sun បានឱ្យដឹងថា គិតមកទល់ពេលនេះ រូបនាងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបដល់ ៥០០ លានដុល្លារទៅហើយ ដោយបច្ចុប្បន្នមានវ័យត្រឹម ៩ ឆ្នាំប៉ុណ្ណោះ។
Blue Ivy Carter គឺកើតមកមានទេពកោសល្យលើវិស័យសិល្បៈស្រាប់។ ត្រឹមប៉ុន្មានថ្ងៃក្រោយចាប់កំណើត ទស្សនាវដ្តី Time បានប្រកាសថា Blue Ivy គឺជា «ទារកល្បីជាងគេបំផុតលើពិភពលោក»។ ឥលូវនេះ នាងក៏បានប្រែកេរ្តិ៍ឈ្មោះរបស់នាងទៅជាភាពជោគជ័យក្នុងជីវិត។ ក្នុងឆ្នាំ ២០១៩ Blue Ivy បានទទួលពានរង្វាន់ Ashford & Simpson Songwriter។ នាងបានចូលរួមក្នុងការនិពន្ធបទចម្រៀង «Brown Skin Girl» ដែលជាបទចម្រៀងរបស់ម្ដាយនាង។
មិនមែនជោគជ័យតែប៉ុណ្ណឹងទេ នៅដើមឆ្នាំ ២០២០ Blue Ivy ក៏បានទទួលពានរង្វាន់ដំបូងក្នុងកម្មវិធី 51st NAACP Image Awards។ ក្នុងវ័យត្រឹម ៨ ឆ្នាំ នាងក៏ត្រូវបានទទួលស្គាល់ក្នុងចំណាត់ថ្នាក់ Outstanding Duo, Group ឬ Collaboration។ ក្នុងឆ្នាំដដែល នាងក៏ឈ្នះពានរង្វាន់ BET ដំបូងលើបទចម្រៀង «Brown Skin Girl» ផងដែរ។ បើតាមសារព័ត៌មាន The Hollywood Reporter បានឱ្យដឹងថា Blue Ivy គឺជាតារាវ័យក្មេងបំផុតដែលឈ្នះពានរង្វាន់ក្នុងប្រវត្តិសាស្ត្រ BET។
មកដល់ខែមីនា ឆ្នាំ ២០២១ Blue Ivy បានក្លាយជាតារាវ័យក្មេងទី ២ ដែលឈ្នះពានរង្វាន់ Grammy ដែលពានរង្វាន់ដែលនាងឈ្នះនេះគឺលើវីដេអូបទចម្រៀង «Brown Skin Girl» របស់នាង។
ជាមួយភាពជោគជ័យទាំងនេះ ប្រាកដណាស់ថា Blue Ivy គឺជាតារាវ័យក្មេងដ៏មានទេពកោសល្យមួយ ដែលអាចរកចំណូលបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើឪពុកម្ដាយជាមហាសេដ្ឋីរបស់នាងនោះឡើយ៕