រំភើបចិត្ត! ទោះនៅឆ្ងាយ ហង្ស ឈា នៅតែគិតគូរដល់តារាកំប្លែងចាស់ជរា ៤ នេះ ក្រោយដឹងដំណឹងនេះ
កន្លងមកមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាធ្លាប់បានដឹងមកហើយ ដែលតារាសម្តែងលោក រតនៈ វិសិដ្ឋ បានបង្ហោះសារអំពាវនាវដល់មហាជន និង មិត្តសិល្បករចូលរួមបរិច្ចាគជួយដល់តារាកំប្លែងជើងចាស់ ៤ រូប ដែលចាស់ជរា និង កំពុងតែមានជំងឺប្រចាំកាយនោះ។
ក្នុងនោះ ក៏មានសប្បុរជនជាច្រើនក៏បានចូលរួមផ្តល់ជាជំនួយដល់តារាកំប្លែងជើងចាស់ទាំង ៤ ដែលមានដូចជា លោកយាយ ណយ សំណាង នាយ ក្តិប លោកតា សង់ស៊ីស និង លោកតា ចេក តាមរយៈលោក រតនៈ វិសិដ្ឋ ជាបន្តបន្ទាប់ផងដែរ។
ដោយឡែក ក្នុងការចូលរួមបរិច្ចាគនេះដែរ គេក៏បានឃើញអតីតតារាសម្តែងលោក ហង្ស ឈា ដែលកំពុងតែរស់នៅឯក្រៅប្រទេសជាមួយភរិយា និង កូនៗនោះ ក៏មិនភ្លេចចូលរួមការជួយចែករំលែកនូវទឹកចិត្តសប្បុរសធម៌របស់ខ្លួនដែរ ដោយលោក ហង្ស ឈា បានចូលរួមថវិកាចំនួន ២០០ ដុល្លារ តាមរយៈលោក រតនៈ វិសិដ្ឋ ជួយដល់តារាកំប្លែងជើងចាស់ ចាស់ជរា ទាំង ៤ រូប ខាងលើនេះដែរ។
តាមរយៈគណនីហ្វេសប៊ុក លោក រតនៈ វិសិដ្ឋ បានរៀបរាប់ឱ្យដឹងថា ៖ «អូនសូមអរគុណ ដល់បងប្រុស ហង្ស ឈា និង ក្រុមគ្រួសារ បានជូនថវិកាចំនួន ២០០ $ ដល់គាត់ទាំង ៤ នាក់ តាមរយៈខ្ញុំ។ ខ្ញុំនឹងយកថវិកាជូនដល់គាត់ទាំង ៤ ឆាប់នេះ។ ជូនពរបង និង គ្រួសារ មានសុខភាពល្អ និង ជោគជ័យគ្រប់ការងារ»៕