ផ្ទុះអាស្រូវជាមួយសង្សារចាស់ ស្ទើរផ្កាប់ឆ្នាំងបាយ ឥលូវ Kim Seon Ho ទទួលពន្លឺយុត្តិធម៌វិញបណ្តើរៗហើយ
ថ្មីកន្លងទៅនេះ មានប្រធានបទកំពុងផ្ទុះយ៉ាងក្តៅគគុកក្នុងវិស័យសិល្បៈកូរ៉េ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនស្លុងអារម្មណ៍តាមចង់តាមដានឱ្យដឹងសខ្មៅមិនតិចឡើយ គឺអាស្រូវរបស់តារាប្រុសកូរ៉េកំពុងល្បី ប្រុសស្អាត Kim Seon Ho ដែលត្រូវអតីតមិត្តស្រីចោទប្រកាន់ថា លោកបានបង្ខំនាងឱ្យរំលូតកូនចេញកូនចេញនោះ។
ជាមួយគ្នានោះ តារាប្រុសរូបនេះ ក៏បានចេញមុខទទួលកំហុស និង សុំទោសជាសារធារណៈផងដែរ ដែលធ្វើឱ្យមហាជនបាននឹកគិតថា លោកបានប្រព្រឹត្តដូចការចោទពិតមែន។ យ៉ាងណាមិញ ក្រោយពីអាស្រូវនេះបានផ្ទុះសុសសាយពាសពេញរួចមក គេឃើញមានជនជាច្រើនបានចេញមុខមកអះអាង ទម្លាយនេះនោះជុំវិញរឿងរ៉ាវនេះជាបន្តបន្ទាប់ រហូតកាន់តែបញ្ឆេះវាឱ្យរឹតតែស្មុគស្មាញ និង រឹតតែធ្វើឱ្យអ្នកតាមដានទាំងឡាយកាន់តែចង់ដឹងការពិតផងដែរ។
មិនយូរប៉ុន្មាននៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ នេះ ស្រាប់តែក្រុមហ៊ុនប្រមាញ់តារាដ៏សកម្មប្រចាំប្រទេសកូរ៉េ Dispatch បានចេញមុខមកបង្ហើបសខ្មៅតែម្តង បន្ទាប់ពីបានស៊ើបអង្កេតចាប់តាំងពីផ្ទុះរឿងនោះ ដោយបានទម្លាយឱ្យដឹងដូច្នេះថា នារីដែលចេញមុខមកចោទប្រកាន់តារាប្រុស Kim Seon Ho នោះ គឺមានឈ្មោះថា Choi Young Ah ជាអតីតពិធីការនីផ្នែកអាកាសធាតុនាទូរទស្សន៍ល្បីមួយ ហើយអ្នកទាំងពីរបានចាប់ផ្តើមទាក់ទងគ្នានៅប្រហែលចុងឆ្នាំ ២០១៩ មកម្ល៉េះ។ លើសពីនេះតាមពិតទៅ នាងគឺជានារីទើបលែងលះស្វាមីថែមទៀតផង តែខាង Seon Ho មិនខ្វល់ពីរឿងទាំងនោះឡើយ បើទោះបីជាឪពុកម្តាយលោកមានការបារម្ភក៏ដោយ។
ចាប់ពីពេលនោះ ពួកគេបានចាប់ដៃស្រឡាញ់គ្នាល្អូកល្អិនជានិច្ច ដោយបានណាត់គ្នាចេញទៅសាងសងស្នេហ៍នៅខាងក្រៅជាញយដង។ នៅខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ពួកគេក៏បានបែកគ្នាជាលើកទីមួយ ដោយសារតែ Kim Seon Ho ចាប់បានខាងស្រីកុហកជាច្រើនដងពេក តែពួកគេក៏មកត្រូវគ្នាវិញ ព្រោះខាងស្រីសុំទោស រួចក៏មានកូនតែម្តង។ ក្នុងនោះ Kim Seon Ho ក៏សប្បាយចិត្តចំពោះរឿងនេះផងដែរ ប៉ុន្តែដោយសារកត្តាមួយចំនួន ពួកគេក៏បានសម្រេចចិត្តព្រមព្រៀងរំលូនកូននោះចេញ ហើយលោកក៏បាននៅថែទាំយកចិត្តទុកដាក់នៅក្បែរនាងរហូត ក្រោយពេលរំលូតនោះ ពោលគឺមិនមានការបង្ខិតបង្ខំ ឬ ការផ្លាស់ប្តូរចរិតណាមួយរបស់លោកឡើយ។
រហូតមកទល់ខែឧសភា ឆ្នាំ ២០២១ ពួកគេក៏បានសម្រេចចែកផ្លូវគ្នាដាច់ស្រាច់តែម្តង។ Dispatch បានទម្លាយទៀតថា ចាប់តាំងពីបែកគ្នារួចមក Choi Young Ah បានផ្ញើសារមិនគប្បីជាច្រើនទៅកាន់ Kim Seon Ho ហើយមកដល់ខែតុលា ឆ្នាំ ២០២១ នេះ នាងក៏បានទមា្លយប្រឌិតរឿងថា លោកបានបង្ខំនាងឱ្យរំលូតកូននៅតាមបណ្តាញសង្គម រហូតធ្វើឱ្យខាងប្រុសស្ទើររំលាយរលាយការងារតែម្តង។
យ៉ាងណាមិញ ពេលនេះមហាជនអ្នកគាំទ្រជាច្រើន កំពុងសប្បាយចិត្តមិនតិចឡើយ ព្រោះតែតារាសំណព្វកំពុងតែបានទទួលយុត្តិធម៌ជាបណ្តើរៗហើយ គេក៏សង្ឃឹមដែរថា លោកនឹងអាចកសាងកេរ្តិ៍ឈ្មោះឡើងវិញ ព្រមទាំងនៅបន្តបម្រើក្នុងវិស័យសិល្បៈទៀតផងដែរ៕