ទម្លាយមនោសញ្ចេតនាពិសេសរវាង Lisa និង ឪពុកក្រោយ ដឹងហើយរំជួលចិត្តខ្លាំង
តារាស្រីវ័យក្មេងសញ្ជាតិថៃ សមាជិកក្រុមនារី BLACKPINK ស្រីស្រស់ Lisa កំពុងដណ្ដើមបានភាពល្បីល្បាញ ប្រជាប្រិយភាពខ្លាំងស្ទើរពាសពេញពិភពលោកនាពេលបច្ចុប្បន្ន។ ខណៈប្រជាប្រិយភាពរបស់នាងកាន់តែមានសន្ទុះ រឿងរ៉ាវប្រវត្តិនានារបស់នាងក៏រឹតតែមានអ្នកចង់ដឹង ចង់ឮដូចគ្នា។
យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានមួយ ធ្លាប់បានបង្ហើបឱ្យដឹងថា លោកស្រី Chitthip ដែលជាម្តាយរបស់កំពូលតារាស្រី Lisa បានសម្រេចចិត្តសាងគ្រួសារមានស្វាមីតាំងពីអាយុក្មេងវ័យ ដោយទទួលកូនស្រីដ៏គួរឱ្យស្រឡាញ់តែម្នាក់គត់គឺ Lisa ជាចំណងដៃក្នុងជីវិតគូ ប៉ុន្តែគួរឱ្យសោកស្តាយ នៅពេលផ្តល់កំណើតឱ្យនាងមិនបានប៉ុន្មានផង លោកស្រីក៏បានចែកផ្លូវគ្នាជាមួយអតីតស្វាមី ហើយថែមទាំងក្រសោបយកកូនស្រី ជាទីស្រឡាញ់ យកមកចិញ្ចឹមបីបាច់ថែរក្សាតែម្នាក់ឯងថែមទៀតផង។
មិនយូរប៉ុន្មាន ក្រោយមកស្រាប់តែម្ដាយរបស់កំពូលតារាស្រីរូបនេះ ក៏បានមកប្រទះស្នេហ៍ថ្មីជាមួយនឹងមេចុងភៅដ៏ល្បីមួយរូបមកពីប្រទេសស្វីស គឺលោក Marco Brüschweiler ហើយអ្នកទាំងពីរក៏បានចាប់ដៃគ្នាសាងសុភមង្គលគ្រួសារដើរទៅមុខតទៅទៀត ប៉ុន្តែមិនមានកូនប្រុសស្រីជាចំណងដៃទៀតឡើយ។ ជាហេតុធ្វើឱ្យតារាស្រី Lisa គឺជាកូនស្រីតែម្នាក់គត់ ដែលបានធំធាត់ដឹងក្តីមកក្រោមការស្រឡាញ់ ការបីបាច់ថែរក្សាពីអ្នកម្តាយ Chitthip និង ឪពុកក្រោយគឺលោក Marco Brüschweiler យ៉ាងកក់ក្តៅអស់ពីចិត្តតែម្តង។
ថ្វីដ្បិតតែមិនមែនជាសាច់ឈាមបង្កើតក៏ពិតមែន តែលោកឪពុក Marco ពិតជាស្រឡាញ់ថ្នាក់ថ្នមយកចិត្តទុកដាក់ចំពោះ Lisa ខ្លាំងណាស់ ពោលគឺតាំងពីតូចរហូតដល់ធំ លោកបានមើលថែ ផ្ដល់ក្ដីស្រឡាញ់ ធ្វើឱ្យមហាជនសឹងតែមើលមិនដឹងឡើយថា តាមពិតទៅអ្នកទាំងពីរមានឈាមខុសគ្នានោះ។
ចំណែក Lisa វិញក៏ហាក់មានមនោសញ្ចេតនា ដិតដាមជាមួយឪពុករូបនេះដូចគ្នា ដោយនាងតែងតែបង្ហាញកាយវិការទន់ភ្លន់ ដូចជាកូនក្មេងដូច្នោះឯង នៅពេលដែលនៅជិតឪពុក។ លើសពីនេះទៅទៀត នាងតែងពោលជារឿយៗថា នឹកឪពុកជានិច្ច ជាពិសេសនោះគឺនឹកស្នាដៃម្ហូបរបស់លោកតែម្តង។
ក្រោយបានដឹងបែបនេះហើយ អ្នកគាំទ្រពិតជារំជួលចិត្តខ្លាំងណាស់ចំពោះទំនាក់ទំនងយ៉ាងគួរឱ្យស្រឡាញ់ស្អិតល្មួតរបស់គ្រួសារ Lisa ជាពិសេសគឺទំនាក់ទំនងរវាងនាង និង ឪពុក ហើយគេក៏សង្ឃឹមថា នឹងបានឃើញក្រុមគ្រួសារមួយនេះ អាចមានពេលវេលានៅជាមួយគ្នាកាន់តែច្រើនជាងមុនផងដែរ៕