Britney Spears តារាដំបូងលើលោក ធ្លាប់រៀបការនឹងពួកម៉ាកបានត្រឹម ៥៥ ម៉ោង ហើយលែងលះវិញ
មួយរយៈក្រោយមកនេះ ជីវិតស្នេហារបស់កំពូលតារាចម្រៀងស្រីល្បី Britney Spears ហាក់មានភាពរលូនល្អូកល្អឺនសិ្អតល្មួតគួរឱ្យច្រណែនមិនស្ទើរនោះទេ ព្រោះតែនាងបានមកផ្តើមស្នេហ៍ថ្មីជាមួយនឹងតារាសម្តែង Sam Asghari ដែលជាបុរសសង្ហាកក់ក្តៅមានស្នេហ៍មួយរូប ហើយពួកគេក៏បានភ្ជាប់ពាក្យត្រៀមចូលរោងការរួចហើយដែរ។
យ៉ាងណាមិញ មុននឹងបានមកប្រទះស្នេហ៍ចុងក្រោយនេះ តារាស្រី Britney Spears ក៏ធ្លាប់មានប្រវត្តិស្នេហានាយអាយវិលក្បុងមិនតិចនោះដែរ ជាពិសេសគឺនាងបានធ្លាប់រៀបការសាងគ្រួសាររហូតដល់ទៅពីរដងឯណោះ តែមិនបានសម្រេចរកឃើញកោះត្រើយជីវិតពិតប្រាកដឡើយ។
ក្នុងនោះ ប្រវត្តិការរៀបការលើកទីមួយរបស់នាង ពិតជាបានបង្កភាពភ្ញាក់ផ្អើលមិននឹកស្មានទៅដល់មហាជនជាច្រើនថែមទៀតផង។ តាមព័ត៌មានបានឱ្យដឹងថា តារាស្រី Britney Spears ធ្លាប់បានរៀបអាពាហ៍ពិពាហ៍សាងគ្រួសារជាមួយនឹងស្វាមី គឺលោក Jason Alexander ដែលជាមិត្តភក្តិនឹងគ្នាតាំងពីនៅក្មេង នៅខែមករា ឆ្នាំ ២០០៤។
ក្រោយពីចូលរោងការមិនបានប៉ុន្មានផង ប្រហែលជា ៥៥ ម៉ោងក្រោយមក ស្រាប់តែអ្នកទាំងពីរក៏បានប្រកាសលែងលះចែកផ្លូវគ្នាទៅវិញតែម្តង ដែលបង្កភាពភាពភ្ញាក់ផ្អើលខ្លាំងណាស់ ក្នុងប្រវត្តិសាស្រ្តគូស្នេហ៍ Hollywood ។ ចំណែកមូលហេតុវិញនោះ ត្រូវបានតារាស្រី Britney Spears អះអាងថា អ្នកទាំងពីរពិបាករស់នៅជាមួយគ្នា ព្រោះលោក Jason Alexander ដែលជាអតីតស្វាមីមិនសូវយល់ពីទង្វើរបស់នាងនោះទេ។
ដោយឡែក បន្ទាប់ពីបានលែងលះចែកផ្លូវគ្នារួចមក នៅខែតុលា ឆ្នាំ ២០០៤ ដដែល ក៏បានចូលរោងការម្តងទៀតជាមួយនឹងលោក Kevin Federline ហើយក៏មានកូនប្រុសពីរនាក់ជាចំណងដៃផងដែរ តែត្រូវមកចែកផ្លូវគ្នាទៀតនៅឆ្នាំ ២០០៦។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយ ម្នាក់ៗក៏ជូនពរឱ្យស្នេហារបស់នាងលើកនេះ នឹងពោរពេញទៅដោយក្តីសុខសុភមង្គល ហើយក៏សង្ឃឹមថានេះក៏ជាស្នេហាចុងក្រោយរបស់នាងផងដែរ៕