ជាង ៣ ឆ្នាំហើយ ទើបអតីតស្វាមី Yang Mi ដាច់ចិត្តទម្លាយមូលហេតុពិតរឿងលែងលះគ្នា
កាលពីចុងឆ្នាំ ២០១៨ ទាក់ទងនឹងព័ត៌មានការលែងលះរវាងតារាសម្ដែងប្រុស Hawick Lau និង តារាសម្ដែងស្រី Yang Mi បានផ្ទុះកក្រើកពេញក្នុងប្រព័ន្ធផ្សព្វផ្សាយកម្សាន្ត និង បណ្ដាញសង្គមផ្សេងៗ ជាពិសេស គឺក្រុមអ្នកគាំទ្ររបស់ប្តីប្រពន្ធតារាល្បីមួយគូនេះ បានជជែកវែកញែកចង់ដឹងពីមូលហេតុនៃបែកបាក់ឈានដល់ការកាត់ផ្តាច់ចំណងអាពាហ៍ពិពាហ៍ ដោយមានកូនស្រីម្នាក់ជាចំណងដៃ។
ថ្វីដ្បិតថា លោក Hawick Lau និង Yang Mi អ្នកទាំងពីរបានព្រមព្រៀងគ្នាក្នុងការចិញ្ចឹមបីបាច់កូនជាមួយគ្នា ក្រោយពីការលែងលះក៏ដោយ។ ទោះយ៉ាងណាជារឿងនេះ នៅតែមិនអាចបញ្ឈប់ការសង្ស័យរបស់មហាជនជាអ្នកគាំទ្ររបស់អ្នកទាំងពីរបាននោះទេ ដោយកន្លងមកត្រូវបានគេចាត់ទុកថាជាអាថ៌កំបាំងនៃការលែងលះ។
យ៉ាងណាមិញ ក្រោយពីលែងលះគ្នាបានជាង ៣ ឆ្នាំ លោក Hawick ដែលជាអតីតស្វាមីរបស់នាង លែងគេចពីការពិត ព្រមទាំងបង្ហើបប្រាប់ពីមូលហេតុដែលនាំឱ្យជីវិតគ្រួសាររបស់លោកបានបែកបាក់។ ក្រោយពីសម្រាលកូនហើយត្រឡប់ចូលមកថតសម្ដែងវិញ Yang Mi នាងរឹតតែទទួលបានប្រជាប្រិយភាព និង ភាពពេញនិយមយ៉ាងខ្លាំង លើសពីអ្វីដែលលោករំពឹងទុក។
ក្នុងអាជីពរបស់នាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមមាញឹករៀងរាល់ថ្ងៃ។ សាកគិតមើលថា Yang Mi ដែលជាមនុស្សរឹងមាំចូលប្រឡូកក្នុងសិល្បៈតាំងពីវ័យក្មេង តើនាងអាចនឹងលាឈប់ពីអាជីពរបស់នាងទៅប្រើជីវិតសាមញ្ញឬទេ? បើតាមបទពិសោធផ្ទាល់របស់នាង ដើម្បីបញ្ជាក់ប្រាប់លោកថា វាមិនអាចទៅរួចបាននោះទេ។
នៅទីបំផុត លោក Hawick មិនអាចទ្រាំទ្របានក៏សម្រេចចិត្តលែងលះគ្នាជាមួយនឹងនាងដោយសន្តិវិធី ផ្អែកលើមូលហេតុកាលពីជាង ៣ ឆ្នាំមុនរហូតមកដល់ពេលនេះ គឺដោយសារតែនាងជាមនុស្សរវល់។
ក្នុងនោះ តារាសម្ដែងប្រុសវ័យ ៤៦ ឆ្នាំរូបនេះ បាននិយាយថា ៖ «ក្នុងនាមជាតារាសម្ដែងដូចជា Yang Mi គឺជាឧត្តមគតិរបស់មនុស្សគ្រប់រូបវាជារឿងល្អដែលមានអាជីពផ្ទាល់ខ្លួន ប៉ុន្តែនាងមិនស័ក្តិសមនឹងអ្នករាល់គ្នារៀនតាមនោះទេ ព្រោះគ្រួសារក៏សំខាន់ដែរ ខ្ញុំនៅតែសង្ឃឹមថាអ្នករាល់គ្នាអាចទុកពេលទំនេរ ដើម្បីមើលថែគ្រួសារក្នុងកាលវិភាគដ៏មមាញឹករបស់អ្នក»៕
ប្រភព៖ MINNEWS