ស្រណោះណាស់! Pat ស្ទុះឱបកូនយំគគ្រូក ក្រោយកូនឆ្លើយបែបនេះ ពេលសួររឿងឪពុក
ប្រិយមិត្តប្រាកដជាបានដឹងមកពីរឿងរ៉ាវបែកបាក់របស់តារាស្រី Pat Napapa និង អតីតស្វាមីលោក Ben ដែលបានបន្សល់ទុកនូវកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់នៅក្នុងបន្ទុក។ ដោយឡែក អតីតស្វាមីរបស់នាងក៏ជាប់ពីបទជួញដូរគ្រឿងញៀន ត្រូវជាប់ពន្ធនាគាររហូតទៅដល់ ៣៦ ឆ្នាំឯណោះ។
ក្រោយពីអតីតស្វាមីត្រូវតុលាការសម្រេចឱ្យជាប់ទោស ៣៦ ឆ្នាំមក បើទោះបីជាលែងលះគ្នាហើយក្តី តែតារាស្រី Pat Napapa ក៏នៅនឹកបារម្ភ ជាពិសេសនាងបារម្ភកូនប្រុសរសប់នាងថា ពេលគេពេញវ័យ គេដឹងថាឪពុករបស់គេជាប់ពន្ធនាគារ តើគេនឹងមានអារម្មណ៍បែបណា?
រហូតមកទល់ពេលនេះ កូនប្រុសរបស់នាង Pat Napapa មានអាយុ ៤ ឆ្នាំហើយ ហើយកាលពីថ្មីៗកន្លងទៅ នាងបានដាច់ចិត្តសួរកូននាងថា ៖ «កូនម៉ាក់ ពេលម៉ាក់ និង ប៉ា មិននៅជាមួយគ្នាបែបនេះ តើកូនមានអារម្មណ៍បែបណា»។ ពេលនោះដែរ ស្រាប់តែកូនប្រុសរបស់នាងឆ្លើយតបទៅវិញថា ៖ «មិនអីទេ កូនដឹងហើយ ព្រោះប៉ាៗនៅក្នុងមន្ទីរពេទ្យ»។
ក្រោយពីបានឮកូនប្រុសឆ្លើយដូច្នេះ តារាស្រី Pat Napapa រំជួលចិត្តរត់ទៅឱបកូនប្រុសតែម្តង ដោយបានពោលថា ៖ «បានជាគេឆ្លើយបែបនេះ ប្រហែលជាគេនៅចាំរូបភាពដែលនាងនាំគេទៅមើលអតីតស្វាមីនៅពេលដេកពេទ្យ ព្រោះតែដួលម៉ូតូតាំងពី ១ ឆ្នាំមុនហើយមើលទៅ»។
យ៉ាងណាមិញ រូបភាពឱបកូនមួយនេះរបស់ Pat Napapa បានធ្វើឱ្យមហាជនស្ទើរតែស្រក់ទឹកភ្នែក និង បានអាណិតអាសូរដល់កូនរបស់តារាស្រីនេះយ៉ាងខ្លាំង ដែលត្រូវរស់នៅព្រាត់ពីឪពុក ដោយគ្មានបានដឹងរឿងពិតអ្វីនោះ៕
ប្រភព៖ Khaosod